CamNews

តារា 

ម៉េង កែវពេជ្ជតា បើកឱកាស​ឲ្យ​តារា​ចម្រៀង វ័យក្មេង ចាប់​ដៃ​គូ​ច្រៀង ជាមួយ

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ បកស្រាយបទចម្រៀង បានទាំងបុរាណ និងសម័យ យ៉ាងពីរោះរណ្តំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលថ្មីៗនេះ បានសម្រេចចិត្ត បើកឱកាសឲ្យតារាចម្រៀងជំនាន់ក្រោយ បានចាប់ដៃគូឡើង បកស្រាយ បទចម្រៀងជាមួយនាង ដោយមិនប្រកាន់ខ្លួន ជាតារាល្បី ឬជារៀមច្បងជំនាន់មុនអ្វីឡើយ ។

តារាចម្រៀងសំឡេងពីរោះ ស្រទន់រណ្តំចិត្ត ដូចរៃកណ្ដឹង អ្នកនាង ម៉េង កែវពេជ្ជតា ជារឿយៗ គេតែងតែបានឃើញវត្តមានរបស់នាង ឡើងឆាកជាបន្តបន្ទាប់ ដោយក្នុងនោះ អមដោយដៃគូថ្មីសន្លាងជា តារាចម្រៀងបុរសវ័យក្មេង នៅតាមស្ថានីយ ទូរទស្សន៍ជាច្រើន។ នៅក្នុងនោះ គេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ មិនមានការឆ្មើងឆ្មៃតម្កើងឫកពារថា ខ្លួនជាតារាល្បីជើងចាស់ឡើយ ដោយជានិច្ចកាល នាងតែងតែផ្តល់ឱកាស ឲ្យតារាជំនាន់ក្រោយនូវបទពិសោធន៍ ក្នុងការច្រៀង និងផ្នែកសិល្បៈជាច្រើនទៀត ។

តារាចម្រៀង អ្នកមេម៉ាយចាយ សម្រស់កូនពីរ អ្នកនាង ម៉េង កែវពេជ្ជតា ក្រៅពីចាប់ដៃគូច្រៀង ជាមួយ តារាចម្រៀងជើងចាស់ដូចជា លោក ណូយ វ៉ាន់ណេត , លោក អៀង ស៊ីធុល និងតារាចម្រៀងជើងចាស់ ជាច្រើនទៀត ពេលនេះ អ្នកនាង បានបង្ហាញវត្តមានផ្លាស់ ប្តូររសជាតិ ដោយចាប់ដៃគូជា បុរសរូបសង្ហាវ័យក្មេងវិញម្តង ដោយដៃគូថ្មីនោះមាន ដូចជា លោក បញ្ញាសិទ្ធិ និងលោក រតនៈ ពិសិដ្ឋ ហើយនាង និងបើកឱកាសទទួល យកដៃគូជាច្រើនទៀត ឲ្យតែគេមានបំណងចង់ ច្រៀងជាមួយនាង ។

បើទោះបី ជាតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងជើងចាស់ ប្រឡូកសិល្បៈជាច្រើនឆ្នាំ ហើយក៏ដោយ តែចំពោះប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង មិនបាក់ស្រុតឡើយ គឺនៅតែល្បីរន្ទឺរងំដដែល ដោយសំឡេងរបស់នាង នៅតែផ្អែមពីរោះ ពេញចិត្តប្រិយមិត្តអ្នកស្ដាប់ មិនចេះរីងស្ងួត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh