CamNews

តន្រ្តី 

ទូរទស្សន៍ PNN ប្រកាស​សម្ពោធ​ការផ្សាយ​ជា​ផ្លូវការ​ តារាខ្មែរ-ថៃ បង្ហាញវត្តមាន​យ៉ាង​ច្រើន​កុះករ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ PNN បានចាប់ផ្តើមផ្សាយជាផ្លូវការ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ពាណិជ្ជករ សិល្បករ សិល្បការិនីកម្ពុជា និងថៃ ជាច្រើនរូបផងដែរ។

អគ្គនាយកប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន (PNN) លោក Glen Felgate បានឲ្យដឹងនៅក្នុងពិធីផ្សាយជាលើកដំបូងរបស់ខ្លួនថា បច្ចុប្បន្នម៉ាស៊ីនផ្សាយរបស់ PNN មាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ ព្រះសីហនុ កំពត និងខេត្តតាកែវ។

លោក Glen Felgate បន្តថា នៅថ្ងៃសម្ពោធចាក់ផ្សាយនេះផងដែរ ក៏មានការចូលរួមពីតារាល្បីៗនៅកម្ពុជា និងតារាល្បីៗនៅប្រទេសថៃ ហើយតារាល្បីៗ ទាំងនេះនឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគថៃ ដែលនឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ នាប៉ុន្មានខែខាងមុខ។ ទូរទស្សន៍ PNN ផ្សាយនៅលើប្រព័ន្ធ UHF ប៉ុស្ដិ៍លេខ ៥៦ ជាប៉ុស្តិ៍ទូរទស្សន៍បែបកម្សាន្តទូទៅ។

សូមបញ្ជាក់ផងដែរថា ភីអិនអិន (PNN) ដែលជាប៉ុស្តិ៍ទូរទស្សន៍ថ្មីរបស់កម្ពុជា បានចំណាយទុនវិនិយោគជាង ២០លានដុល្លារអាមេរិក ទៅលើការសាងសង់ស្ទូឌីយ៉ូ ក៏ដូចជា ឧបករណ៍ទំនើបៗ និងទឹកប្រាក់រាប់លានដុល្លារអាមេរិកទៀត ទៅលើការផលិតកម្មវិធី។ លើសពីនេះប៉ុស្តិ៍ទូរទស្សន៍ថ្មីមួយនេះ ក៏បានចុះកិច្ចព្រមព្រៀង ដើម្បធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គភាពផលិតព័ត៌មាន ប៊ីអីស៊ី (BEC) ស្តីពីការចុះយកព័ត៌មានទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh PNN