(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវរហូតតាមបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់២នាក់ ពាក់ព័ន្ធវាយយកទ្រព្យសម្បត្តិ ពីគូសង្សារ ខណៈកំពុងនាំគ្នារកផ្ទះសំណាក់ដេក នៅម៉ោង១៖០០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។
យ៉ាងណាក៏ដោយ ជនសង្ស័យម្នាក់ទៀត ឈ្មោះ ឌឿន ភេទ ប្រុស អាយុ២២ឆ្នាំ បានរត់គេចខ្លួនបាត់ ខណៈកម្លាំងនគរបាល កំពុងតាមបង្ក្រាប។
លោក តេង ស៊ីណូ បានបញ្ជាក់ថា សង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ រ័ត្ន ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ ឡូញ បូរី ហៅ ញ៉ាញ់ អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។ ដោយឡែកជនរងគ្រោះឈ្មោះ ឌី វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅ។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូប កាបូបដៃ១ លុយ៤០០ដុល្លារ ទូរស័ព្ទដៃ០២គ្រឿង (ម៉ាកអាយហ្វូន,សាំសុង) និងដែកជំពុះទង់១ដើម៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី