(ភ្នំពេញ)៖ ខណៈដែលពិធីបុណ្យខួប គំរប់៧ថ្ងៃរបស់សព អតីតតារាសម្តែង និងចម្រៀងរបស់ផលិតកម្មក្លាស៊ីក លោក រាជ បូរី កាន់តែកៀកចូលមកដល់ នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៦ស្អែកនេះ គេសង្កេតឃើញ មានវត្តមានតារាស្រី-ប្រុសរបស់ខ្មែរ មួយចំនួនបានធ្វើការសរសេរបង្ហោះ ប្រកូកប្រកាស ប្រាប់ពីដំណឹង ព្រមអំពាវនាវស្នើឲ្យអ្នកសិល្បៈ រួមអាជីពទៅចូលរួម នៅក្នុងកម្មវិធីបុណ្យសព អតីតតារាប្រុសខាងលើ ឲ្យបានច្រើនកុះករ។
ទន្ទឹមនឹងគ្នានេះដែរ តារាសម្តែងស្រីជាប់ងារ ជាកំពូលតារាសិចស៊ី ប្រចាំឆ្នាំ កញ្ញា ដេននី ខ្វាន់ នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់នាង ក៏ត្រូវបានគេសង្កេតឃើញមានសរសេរ បង្ហាញពីអារម្មណ៍ សោកស្តាយ និងបានប្រកូកប្រកាស ដល់សិល្បករ-សិល្បការិនីទាំងអស់ ទៅចូលរួមក្នុងកម្មវិធីនេះផងដែរ ដោយនាងលើកឡើងថា «សូមចូលរួមរំលែកទុក្ខផង...។ សូមទោស ខ្ញុំចង់និយាយរឿងមួយ គឺខ្ញុំឆ្ងល់ណាស់ម៉េចស្រុកខ្មែរយើង មិនសូវគាំទ្រសិល្បៈគ្នាឯងអ៉ីចឹង..!»។
តារាសម្តែង និយមស្លៀកពាក់សិចស៊ី ខើចលើខើចក្រោមនាង ដេននី ខ្វាន់ បានបន្តថា «ហេតុអ្វីពេលតារាថៃស្លាប់ ម្នាក់ៗដាក់រូបកាន់ទុក្ខនឹង Share ស្ទើរពេញ ប្រទេស តែដល់ពេលតារាប្រចាំប្រទេស(ប្រទេសខ្លួនឯង)ស្លាប់វិញ បែរជាគ្មានអ្នកអើពើ ឬខ្វល់ខ្វាយបន្តិចសោះ សូម្បីតែទៅចូលរួមរំលែកទុក្ខ ក៏មិនទៅដែរ ខ្ញុំខ្មាសគេជំនួស ព្រោះអត់មានឃើញថៃណា មកចូលរួមរំលែកទុក្ខ ឬ Shareដូចដែលខ្មែរយើង បានធ្វើផង...ហើយម្នាក់ៗតែងតែនិយាយថា ខ្ញុំខែ្មរស្រឡាញ់ខ្មែរ ប៉ុន្តែមិនដែលធ្វើបានដូចសម្តីទេ.!»។
ដេននី ខ្វាន់បន្តទៀតថា «និយាយត្រង់ចុះ ខ្ញុំស្រឡាញ់នឹងគាំទ្រ សិល្បៈខ្មែរណាស់ គឺមិនថា តារាសម្តែងឬចម្រៀង..ខ្មែរអើយល្មមភ្ញាក់ខ្លួនហើយ កុំងប់ងល់នឹងតារាស្រុកគេពេក ខ្ញុំនិយាយនេះ មិនមែនហាមមិនឲ្យគាំទ្រសិល្បៈស្រុកគេទេ តែគ្រាន់តែចង់ដាស់តឿន អ្នកងប់ងល់មួយចំនួន តែប៉ណ្ណោះ ព្រោះថៃវាមិនដែលមកខ្វល់ខ្វាយ នឹងខ្មែរយើងទេ..»។
យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះសារបែបនេះ ពីសំណាក់តារាសម្តែង នាង ដេននី ខ្វាន់ ភ្លាមៗនោះ គេសង្កេតឃើញតារាសម្តែង នាងសូ ដានីតា បានចេញមុខ ប្រតិកម្មឆ្លើយតបចំពោះការ លើកឡើងនោះថា «គំនិតខុសទាំងស្រុងម្នាក់ៗ គេជាប់នៅស្រុក ហើយកៀកនឹងចូលឆ្នាំទៀត យើងខ្ញុំបាននិយាយគ្នាហើយ នឹងទៅចូលរួម បុណ្យ៧ថ្ងៃ សូមកុំគិតច្រើនពេក គិតត្រូវមិនអីទេ នេះគិតខុសស្រឡះ យើងខ្ញុំក៏មានបេះដូងដែរ»។
សូមបញ្ជាក់ថា តារាចម្រៀងប្រុសរបស់ផលិតកម្មក្លាស៊ីក លោក រាជ បុរី បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ដោយសារហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តនៅប៉ោយប៉ែត បន្ទាប់ពីរូបលោក និងតារាប្រុស-ស្រីប្រមាណ៣នាកផ្សេងទៀត ធ្វើដំណើរត្រឡប់មកពីកន្សាន្ត នៅប្រទេសថៃ។ បើតាមប្រភពពីអ្នកសិល្បៈ រួមអាជីពជាមួយពិធីបុណ្យខួបគំរប់៧ ថ្ងៃរបស់លោក រាជ បុរី ត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅបរិវេណ វត្តចាក់អង្រែក្រោម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង