CamNews

សុខភាព 

អ្នកនាំពាក្យសុខាភិបាល៖ មេរោគ Zika មិនមាននៅកម្ពុជានោះទេ ខណៈក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យសុខាភិបាល បាននិយាយថា រហូតមកដល់ពេលនេះ មេរោគ Zika ដែលជាវីរុសសាហាវថ្មីមួយ នៅលើពិភពលោក មិនទាន់មានឆ្លងណាមួយមកកម្ពុជានោះទេ ខណៈដែលមានព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយថា ជំងឺនេះត្រូវរកឃើញមានឆ្លង នៅប្រទេសក្នុងតំបន់អាស៊ី។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីជំងឺថ្មីនេះ និងមានការប្រុងប្រយ័ត្នខ្ពស់ដូចការឆ្លងជំងឺសាហាវមុនៗដែរ។ ការរឹតបន្តឹងការត្រួតពិនិត្យ នៅច្រកចេញចូល ក៏នៅតែបន្តសកម្មភាពកាន់តែខ្លាំងថែមទៀត។

សូមជំរាបថា មេរោគដ៏កាចសាហាវមួយឈ្មោះថា Zika ដែលចម្លងតាមរយៈសត្វមូស កំពុងរីករាលដាលជាខ្លាំងនៅអាមេរិកខាងត្បូង ហើយទំនងជាឆ្លងទៅលើមនុស្សរាប់រយពាន់នាក់ ហើយគិតមកទល់ពេលនេះ នេះបើយោងតាមការ ព្រមានពីរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា មេរោគនេះអាចបង្ករោគសញ្ញាដូចជា ឈឺក្បាល និងឈឺតាមសន្លាក់។ ប៉ុន្តែប្រសិនបើចម្លងទៅស្ត្រីមានផ្ទះពោះ អាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ទារកក្នុងផ្ទៃដូចជា បណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសពីធម្មតាជាដើម។ មេរោគនេះបានឆ្លងរីករាលដល់មនុស្ស រាប់ពាន់នាក់ហើយក្នុងប្រទេស កូឡំប៊ី និងប្រេស៊ីល។ រដ្ឋាភិបាលបានព្រមានថា ប្រសិនបើអត្រានៃការឆ្លងនៅតែបន្តបែបនេះ ចំនួនអ្នកឆ្លងអាចនឹងកើនឡើងដល់រាប់រយពាន់នាក់៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health news Zika Local news