មានហេតុផលផ្សេងៗជាច្រើន ដែលបញ្ជាក់ថាតើហេតុអ្វីសម្លេងរបស់អ្នកប្រែជាស្អក និងខុសប្រក្រតីពីមួយពេល ទៅមួយពេល ហើយហេតុផលមួយចំនួនក្នុងចំណោមនេះ គឺជារឿងដែលអ្នកមិនអាចគ្រប់គ្រងវាបាន។ ហេតុផលអាចកើតចេញ ពីមេរោគបង្កជំងឺគ្រុនផ្ដាសាយ ដែលបណ្ដាលឱ្យរលាកដើមបំពង់ក។ ពិតប្រាកដណាស់អ្នកអាចលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ និងត្រូវព្យាយាមមានគម្លាតពីមនុស្ស ដែលកើតជំងឺគ្រុនផ្ដាសាយ។ ប៉ុន្ដែជាក់ស្ដែង មនុស្សគ្រប់គ្នា ដែលកើតជំងឺគ្រុនផ្ដាសាយ តែងតែកើតមានការលាកដើមករាល់ដងមិនសូវលួសពេល។ អ្វីដែលអ្នកប្រហែលជាមិនទាន់ជ្រាបនៅឡើយ គឺថាអ្នកនៅមានវិធីមួយចំនួន ដែលអាចយកទៅអនុវត្ដ ដើម្បីការពារ និងបញ្ចៀសបញ្ហាសម្លេងភាគច្រើន។ ជំហានខាងក្រោម គឺមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នា ដែលចង់រក្សាសម្លេងរបស់ខ្លួនឱ្យមានសុខភាពល្អ ហើយវាជាជំហានពិសេសសម្រាប់មនុស្ស ដែលមានអាជីពជាគ្រូបង្រៀន ពិធីករ ពិធីការិនី ដែលទាក់ទងនឹងការប្រើសម្លេងខ្លាំង។
រូបតំណាង
គន្លឹះសំខាន់ៗ ដើម្បីថែរក្សាសម្លេងរបស់អ្នកឱ្យមានសុខភាពល្អ៖
- សូមពិសាទឹកឱ្យបានច្រើន ពីព្រោះបំពង់កមានសំណើម គឺវាល្អប្រសើរសម្រាប់សម្លេងរបស់អ្នក។ ភាពមានសំណើមរក្សាការបញ្ចេញនូវលំហូរទឹកមាត់ ឬស្លេស្ដើងៗ ដើម្បីភាពរអិលដល់ប្រអប់សម្លេងរបស់អ្នក។ សូមពិសាឱ្យបានច្រើននូវភេសជ្ជៈ ដែលមិនផ្ទុកជាតិកាហ្វេអ៊ីន ឬជាតិអាកុលឱ្យបានពេញមួយថ្ងៃ។
- សូមកុំព្យាយាមស្រែក ឬឡូឡា ពីព្រោះទង្វើទាំងនេះ គឺជាការអនុវត្ដទាំងកម្រោលសម្រាប់សម្លេងរបស់អ្នក ហើយថែមទាំងធ្វើឱ្យឈឺក្រហាយដល់ស្រទាប់ នៃប្រអប់សម្លេងរបស់អ្នកទៀតផង។
- សូមសមសម្លេងរបស់អ្នកសិន មុនពេលប្រើខ្លាំងៗ។ មនុស្សភាគច្រើនបានដឹងថា អ្នកចម្រៀងតែងតែសមសម្លេងរបស់ខ្លួនជាមុនមុនពេលឡើងច្រៀង ឬសម្ដែង ក៏ប៉ុន្ដែមានមនុស្សជាច្រើន ដែលមិនបានសមសម្លេងរបស់ខ្លួនមុនពេលប្រើខ្លាំងៗ ដូចជាការបង្រៀនសិស្ស ការទេសនាទូន្មាន ឬការធ្វើសន្ទរកថាជាដើម។ ការសមសម្លេងអាចជាការអនុវត្ដមួយដ៏សាមញ្ញ ដូចជាគ្រាន់តែអ្នក ប្រើសម្លេងពីទាបទៅខ្ពស់ ដោយសម្លេងស្រៈខុសគ្នា ធ្វើការរលាស់បបូរមាត់ ឬរលាស់អណ្ដាត។
- សូមកុំពិសាបារី។ ក្រៅពីជាកត្ដាគ្រោះថ្នាក់ដ៏ខ្លាំងក្លាបង្កឱ្យកើតជំងឺមហារីកប្រអប់សម្លេង ការជក់បារីនេះក៏បង្កឱ្យមានការរលាក និងដុះដុំសាច់នៅលើប្រអប់សម្លេងផងដែរ ដែលអាចធ្វើឱ្យសម្លេងរបស់អ្នកស្អក និងខ្សោយ។
- សូមប្រើការដកដង្ហើម ដើម្បីជំនួយដល់សម្លេង។ លំហូរនៃការដកដង្ហើម គឺជាកម្លាំងដើម្បីបញ្ចេញសម្លេង។ សូមប្រើពេលវេលាដើម្បីសម្រូលដល់សួតរបស់អ្នកដោយការដកដង្ហើមមុនពេលចាប់ផ្ដើមនិយាយ ហើយសូមកុំរង់ចាំរហូតដល់អ្នកអស់ខ្យល់ មុនពេលដកដង្ហើមមួយទៀតដើម្បីផ្ដល់កម្លាំងដល់ការបញ្ចេញសម្លេង។
- សូមប្រើមីក្រូហ្វូននៅពេលនិយាយ។ នៅពេលផ្ដល់សន្ទរកថា ឬធ្វើបទបង្ហាញ សូមគិតដល់ការប្រើមីក្រូហ្វូន ដើម្បីកាត់បន្ថយសម្ពាធដល់សម្លេងរបស់អ្នក។
- សូមស្ដាប់សម្លេងរបស់អ្នក។ នៅពេលសម្លេងរបស់អ្នកបង្ហាញឱ្យឃើញនូវភាពហត់នឿយ សូមយកចិត្ដទុកដាក់ស្ដាប់នូវការហត់នឿយនោះ។ សញ្ញានេះបង្ហាញថា អ្នកចាំបាច់ត្រូវប្ដូរសម្លេង ឬបន្ថយការប្រើសម្លេងរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ថាស្អក ដើម្បីឱ្យប្រអប់សម្លេងរបស់អ្នកបានធូរស្រាលឡើងវិញ។ ការបង្ហំប្រើសម្លេងរបស់អ្នក នៅពេលដែលវាស្អកហើយនោះ អាចនាំទៅរកបញ្ហាដទៃទៀត។ ប្រសិនបើសម្លេងរបស់អ្នកស្អកជាញឹកញាប់ ឬត្រឹមមួយរយៈពេល អ្នកគួរទៅទទួលការវាយតម្លៃពីអ្នកឯកទេសត្រចៀក ច្រមុះ និងបំពងក ៕
- ប្រែសម្រួល ៖ ដេវីដ
ប្រភព ៖ steptohealth