ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក កូន២ អ្នកនាង យក់ ថិតរដ្ឋា បន្ទាប់ពីបានផ្តាច់ខ្លួន ពីវិថីសិល្បៈ ប្រមាណជាង១ឆ្នាំមកនេះ គេសង្កេតឃើញថា នាងហាក់មិនសូវខ្វាយខ្វល់ ក្នុងការវិលត្រឡប់ មកផ្តើមការងារជាថ្មី ឬក៏ស្តារប្រជាប្រិយភាពឡើងវិញទេ ។ ផ្ទុយទៅវិញ នាងបែរជាបណ្តែតបណ្តោយខ្លួនឯង ឲ្យមានសាច់ឈាម កាន់តែធាត់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យអ្នកគាំទ្រខ្លះ ទ្រាំមិនបានក៏បង្ហោះសាររិះគន់ នាងចំៗម្តងទៅ ។
សារខ្លីមួយ បានសរសេររិះគន់ចំៗទៅលើ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង យក់ ថិតរដ្ឋា ថា «ខ្ញុំពិតជាមិនសប្បាយចិត្តសោះ ពេលដែលឃើញ រូបរាងគាត់បែបនេះ ... គាត់ពិតជាធាត់ជ្រុលពេកហើយ ខ្ញុំពិតជាមិនដឹងថាហេតុអីគាត់បែរជាបណ្តោយខ្លួនមើលទៅ អាក្រក់មើលបែបនេះ ទើបមានកូន២សោះ មើលទៅឡើងចាស់ ដូចអាយុ៤០ឆ្នាំ.....»។
នេះមិនមែនជាលើកទី១ទេ សម្រាប់តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា ដែលទទួលរងការរិះគន់ថា មិនចេះរក្សារាង បណ្តោយឲ្យរូបរាងធាត់ខ្លាំង គ្មានរាងរៅ ពោលចាប់តាំងពីនាងមានកូន១ មកដល់ពេលនេះ ខុសពីតារាចម្រៀងដទៃ ដែលគេមានកូនចៅហើយ តែនៅអាចរក្សារូបរាង និងសម្រស់បានយ៉ាងស្រស់ស្អាត មិនចាញ់តារាចម្រៀងវ័យក្មេង ស្រករក្រោយឡើយ ។ ខុសអីតែនាងមានកូន ទើបតែ២សោះ បែរជាបាក់រូបឆោម ប្រៀបដូចជាអ្នកមានអាយុ៤០ឆ្នាំ ។
ក្រោយពីមានសារបែបនេះ រំលេចឡើងភ្លាម តារាចម្រៀង យក់ ឋិតរដ្ឋា ក៏ប្រញាប់ប្រញាល់ Share សារនេះមកបង្ហាញឲ្យអ្នកគាំទ្របានឃើញ និងចេញមុខបកស្រាយ ដោយបើកចំហរថា «ចង់ស្គមខ្លាំងណាស់ បើនិយាយពីញុំាបាយវិញ មិនចូលចិត្តញុំាបាយច្រើនទេ តែមកពីមានមូលហេតុជាច្រើន ដែលពួកគាត់ មិនបានដឹងដូចជា នៅសរសៃខ្ចីពេក មិនទាន់ហ៊ាន ធ្វើអ្វីឲ្យដូចគេទំនេរខ្លួន ហើយមួយវិញទៀត ខ្ញុំមានជំងឺប្រចាំកាយ គឺរោគខ្សោយបេះដូងទៀត ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេ ព្រោះយើងពិតជាអ៊ីចឹងមែន ហើយក៏អរគុណគាត់ដែរ ព្រោះបើគាត់មិនចូលចិត្តយើង ក៏គាត់មិនខ្វល់ ពីយើងដែរ...!» ។
តាមរយៈពាក្យសម្តី ដែលម្ចាស់សាម៉ីខ្លួន យក់ ឋិតរដ្ឋា ចេញមុខបកស្រាយ ដោយបានសារភាព ប្រាប់ដល់អ្នកគាំទ្រ ដោយបើកចំហរថា នាងមានជំងឺខ្សោយបេះដូង ទើបធ្វើឲ្យនាងរស់នៅ ក្នុងសភាពបែបនេះ មិនអាចថែរក្សារាងតាមវិធីសាស្ត្រកែច្នៃ និងធ្វើឲ្យទស្សនិកជន មានការខកបំណង ចំពោះនាង។ ទោះជាយ៉ាងណា នាងក៏បានសន្យា ជាមួយអ្នកគាំទ្រថា នៅពេលដែលនាងបង្ហាញវត្តមាន នៅលើអាជីពចម្រៀងជាថ្មី នាងនឹងមិនធ្វើឲ្យអ្នកគាំទ្រ ខកចិត្តទៀតឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល