ព័ត៌មានកីឡា៖ Wayne Rooney នឹងត្រូវអវត្ដមាន ពី Man United ក្នុងឱកាសបើកការប្រកួតលើកដំបូងរបស់ក្លឹបនៃព្រឹត្ដិការណ៍ Champions League ប៉ះជាមួយ PSV Eindhoven ក្លឹបរបស់ ហូឡង់ ក្នុងរាត្រីនេះ ។
ខ្សែប្រយុទ្ធដ៏ឆ្នើមជនជាតិអង់គ្លេសគឺកីឡាករ Wayne Rooney បានជួយឲ្យ Man United យកឈ្នះ Liverpool ៣-១ កាលពីប៉ុន្មានថ្ងៃមុន ពេលនេះ នឹងត្រូវអវត្ដមានជាមួយការដំណើរទៅប្រកួត នៅទឹកដីខាងក្រៅ ដោយប៉ះជើងខ្លាំងប្រចាំនៅ ហូឡង់គឺក្លឹប PSV Eindhoven នៃព្រឹត្ដិការណ៍ Champions League។ Wayne Rooney ត្រូវអវត្ដមានទាំងស្រុង ក្នុងការប្រកួតនេះ ដោយហេតុកីឡាករ មានរបួសរលាកសាច់ដុំភ្លៅ នៅមិនទាន់ព្យាបាលសះស្បើយ។
អវត្ដមានខ្សែប្រយុទ្ធ Wayne Rooney ម្នាក់ កីឡាករ Marouanne Fellaini អាចនឹងមានក្ដីសង្ឃឹមចូលជំនួសតំណែងមួយនេះ ប៉ុន្ដែ ក្ដីសង្ឃឹមនេះ អាចមានគំនាបសង្កត់បន្ដិច ជាមួយខ្សែប្រយុទ្ធថ្មីមួយរូបទៀត ដែលក្លឹប ទើបតែ ផ្ទេរចូលកាលពីថ្ងៃចុងក្រោយនៃទីផ្សារផ្ទេរកីឡាករ គឺកីឡាករ Anthony Martial ។
តាមការអះអាងបានបន្ដឲ្យដឹងថា លោក Louis Van Gaal មានជម្រើសច្រើនថា នឹង ដាក់ Anthony Martial ចូលរួមប្រកួតនេះ ប៉ុន្ដែមិនទាន់នឹងសម្រេចជាផ្លូវការនោះទេ ។
វត្ដមានកីឡាករសំខាន់ៗផ្សេងទៀត គឺ មាន Luke Shaw, Chris Smalling, Daley Blind និង Matteo Darmian, David De Gea ដែលរំពឹងទុកថា នឹងឆាប់បានកសាងស្នាដៃ នៅថ្ងៃបើកទ្វារដំបូង នៃព្រឹត្ដិការណ៍ Champions League ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ rippa