ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយអត្ថបទ មួយមានចំណងជើងធំៗថា «ដួង ស្រីពេជ្រ ត្រូវគេសង្ស័យថាលូកថ្លើម បំបែកស្នេហ៍ សោភ័ណ្ឌ លីនដា ពីលោក មករា» ដោយព័ត៌មាននេះចេញផ្សាយ មិនទាន់បានស្រួលផង បានធ្វើឲ្យម្ចាស់សាម៉ីខ្លួន លោក មករា ខូល និងតារាសម្ដែង ដួង ស្រីពេជ្រ បានប្រញាប់ចេញ មុខច្រានចោលព័ត៌មាននេះភ្លាមៗថា ពួកគេពុំមាក់ជាប់ពាក់ព័ន្ធក្នុងចំណងស្នេហានឹងគ្នាអ្វីឡើយ ពោលគ្រាន់តែជា អ្នកស្គាល់គ្នា រាប់អានគ្នាធម្មតាៗប៉ុណ្ណោះ។
ដោយឡែកលោក មករា ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ចំណងស្នេហារវាងលោក និងអតីតគូស្នេហ៍ គឺនាង សោភណ្ឌ លីនដា បែកបាក់គ្នាមិនមែន ដោយសារតែមានវត្តមានអ្នកទី៣ គឺ កញ្ញា ដួង ស្រីពេជ្រ ចូលជ្រៀតជ្រែកស្នេហ៍អ្វីនោះ ដែរ ។
បុរសសង្ហាដែលជាអ្នកដឹកនាំ ការសម្តែងប្រចាំផលិតកម្ម សាន់ដេ លោក មករា (ហៅមករាខូល) បានថ្លែងប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា ចំពោះរឿងរ៉ាវដែលលោក និងអតីតគូស្នេហ៍ កញ្ញា សោភ័ណ្ឌ លីនដា សម្រេចចិត្តផ្តាច់ទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយគ្នា គឺដោយសារ តែពេលវេលា មិនអាចរស់នៅ ជាមួយគ្នាបន្តបាន ក៏ ចែកផ្លូវគ្នា មិនមែនដោយសារតែ មានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ឡើយ ។
អ្នកដឹកនាំសម្ដែង ដែលសម្បូរពុកមាត់រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ជាការពិតណាស់ខ្ញុំ និងអតីតគូស្នេហ៍ ធ្លាប់ស្រលាញ់គ្នាខ្លាំង ដូចដែលទស្សនិកជនធ្លាប់បានឃើញ តែចំណងស្នេហាមួយនេះ ប្រែក្លាយជាល្វីងជូរចត់ រហូតដល់បែកបាក់គ្នានោះ ដោយសារតែពួកខ្ញុំ គ្មានពេលសម្រាបគ្នាគ្រប់គ្រាន់។ ម្នាក់ៗរវល់រៀងខ្លួនហេតុនេះក៏ ផ្តាច់ទំនាក់ទំនង តែម្តងទៅ ហើយការបែកបាក់គ្នានេះ គឺមិនមែនដោយសារតែ កញ្ញា ដួង ស្រីពេជ្រ ចូលមកពុះហែក បំបែកស្នេហ៍ពួកខ្ញុំទេ...។ ស្រីពេជ្រ ខ្ញុំស្គាល់គាត់យូរហើយ ព្រោះជាអ្នកសិល្បៈដូចគ្នា រាប់អានដូចបងប្អូនទៅហើយ ដល់ពេលមានរឿងចេញបែបនេះ ដូចជាស្រងាកចិត្តដែរហ្នឹង...អាចប៉ះពាល់ដល់ស្រីពេជ្រ ...»។
លោក មករា បានចេញមុខអះអាង ដោយការពារកិត្តិយស របស់ ដួង ស្រីពេជ្រ ទៀតថា លោកមិនចង់ឲ្យរឿងរបស់ លោកទៅប៉ះពាល់ ជាមួយកិត្តិយសអ្នកដទៃ (ដួង ស្រីពេជ្រ) ទេ ព្រោះរឿងគ្រប់យ៉ាង កើតឡើងមកពីពួកលោក ដូច្នេះហើយលោក ត្រូវចេញមុខបកស្រាយ ដើម្បីការពារអ្នកដែលមិនពាក់ព័ន្ធ ។ ម្យ៉ាងទស្សនិកជន បានដឹងហើយថា ស្រីពេជ្រ គ្នាកំពុងតែពើបប្រទះ និងរឿងរ៉ាវមិនល្អជាច្រើនហើយ អ៊ីចឹងរឿងនេះ វាមិនសមជារឿងទេ ហើយលោកសង្ឃឹមថា ការបកស្រាយនេះ និងធ្វើឲ្យទស្សនិកជន បានដឹងច្បាស់ តែលោកសុំមិននិយាយពី មូលហេតុបែកបាក់ ជាមួយគូស្នេហ៍ចាស់ទេ ។
ដោយឡែកតារាសម្ដែង កំពុងតែឡើងកូដស្រឺតៗដូចកាំជណ្ដើរ កញ្ញា ដួង ស្រីពេជ្រ បានថ្លែងបា្រប់ពីខេត្តបាត់ដំបង ខណៈដែលកំពុងតែថតរឿង«កុលាប៤ទង» ឲ្យដឹងថា នាងនិងលោក មករា បានរាប់អានគ្នាជាច្រើនឆ្នាំមកហើយ ព្រោះមករា ជាអ្នកដឹកនាំសម្ដែង ហើយនាងជាតារាសម្ដែង ហើយពុំដែលមានទំនាក់ទំនង អ្វីក្រៅពីមិត្តភាពធម្មតាឡើយ។
ដួង ស្រីពេជ្រ និយាយ« អូ.!អត់ទេបង..ចប់ហើយបើថា ខ្ញុំមានស្នេហាអី ជាមួយគាត់(មករា) គឺខុសស្រឡះ មនុស្សរាប់អានគ្នា ស្គាល់គ្នាច្រើនឆ្នាំហើយ មិនដែលគិតសូម្បីតែបន្តិច តែពេលមានពព័ត៌មានអ៊ីចឹងចេញទៅ ខ្ញុំដូចជាអន់ចិត្តដែរហ្នឹង ។ ខ្ញុំដឹងថា ខ្ញុំជាអ្នកសិល្បៈ មុននឹងធ្វើអ្វីមួយ ត្រូវប្រយ័ត្នប្រយែងណាស់ តែមិនដឹងយ៉ាងម៉េច? កាន់តែប្រយ័ត្ន កាន់តែជួប ខ្ញុំខំផ្ចិតផ្ចង់ប៉ុណ្ណឹងហើយ នៅខុសទៀត...!»។
ទោះបីជាយ៉ាងណា សម្រាប់តារាសម្ដែង ដួង ស្រីពេជ្រ បានបញ្ជាក់ដោយសង្កត់ធ្ងន់ ដើម្បីកុំឲ្យមហាជន មានមន្ទិល សង្ស័យថា រវាងនាង និងលោក មករា គឺស្រឡាញ់រាប់អានគ្នា ដូចជាបងប្អូនបង្កើត ហើយមានរយៈពេលយូរឆ្នាំមកហើយ និងគ្មានជាប់ពាក់ព័ន្ធអ្វី ក្នុងរឿងស្នេហាទេ ព្រោះដូចឃើញស្រាប់ ពេលមានកម្មវិធីជួបជុំធំៗ របស់អ្នកសិល្បៈ ទើបបានជួបគ្នា សប្បាយជាមួយគ្នា តែបើគ្មានកម្មវិធីទេ គឺរវល់ការងាររៀងៗខ្លួន អត់មានស្នេហាស្នេហ៍ហឺតអីទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល