CamNews

តារា 

នាយ ពែកមី បញ្ជាក់ថា លោកគ្រាន់តែឈរមើលគេ ពេលមានគ្រោះថ្នាក់ ចរាចរណ៍ (មានវីដេអូ)

ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញនេះ មានព័ត៌មាន ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយល្បីពាស ពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook និងមានការផ្សព្វផ្សាយ តាមបណ្ដាញ សារព័ត៌មាននានា ថាតារាកំប្លែង ដែលលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន នាយ ពែកមី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ នៅក្នុងស្រុកដងទង់ ខេត្តកំពត ។ ភ្លាមៗ ក្រោយពីលេចឮ ព័ត៌មាននេះ នាយពែកមី ក៏បានប្រញាប់ប្រញាល់ ចេញមុខបដិសេធភ្លាមថា រូបលោកមានសុវត្ថិភាពល្អ មិនបានជួបគ្រោះថ្នាក់ ដូចពាក្យចចាមអារ៉ាម លើកឡើងនោះទេ ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ តារាកំប្លែងសម្បូរវោហារ មិនចេះរីងស្ងួត នាយ ពែកមី បានប្រាប់ឲ្យដឹងថា រូបលោកមិនបានជួបគ្រោះ ថ្នាក់ចរាចរណ៍ នៅស្រុកដងទង់ ខេត្តកំពត ដូចព័ត៌មានចេញផ្សាយ ឬលេចឮនៅលើ Facebook ដែលលើកឡើងថា លោកជួបគ្រោះថ្នាក់ចរាចរណ៍ ដល់បាត់បង់ជីវិត អ្វីឡើយ ។

តារាកំប្លែងដែល មានស្រុកកំណើត នៅខេត្តស្វាយរៀងរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា "ខ្ញុំមិនបានជួប គ្រោះថ្នាក់ចរាចរណ៍ទេ គ្រាន់តែខ្ញុំបាន ឃើញរថយន្តគេ ជួបគ្រោះថ្នាក់ធ្លាក់ចុះវាលស្រែ ហើយខ្ញុំ និងក្រុមការងារក៏ចុះ ទៅមើល ហើយខ្ញុំ សុំបញ្ជាក់ថា ខ្ញុំជិះរថយន្តប្រភេទ ១២ កៅអី ជាមួយក្រុមការងារ ឆ្ពោះទៅខេត្តកំពត មិនបានជិះ រថយន្តជួបគ្រោះថ្នាក់ នោះឡើយ ដូច្នេះខ្ញុំសង្ឃឹមថា ទស្សនិកជន នឹងលែងយល់ច្រឡំទៀត" ។

បន្ទាប់ពីលេចឮ ព័ត៌មានដ៏រសើបនេះ គេសង្កេតឃើញថា តារាកំប្លែង នាយពែកមី ហាក់ខំប្រឹងចេញមុខ បកស្រាយភ្លាមៗ ទាំងការផ្តល់បទសម្ភាសន៍ ជូនដល់សារព័ត៌មាន និងការសរសេរបកស្រាយ បង្ហោះនៅលើ Facebook ជាដើម ដោយនៅក្នុងនោះ លោកក៏បានថ្លែងអំណរគុណ ទៅដល់ទស្សនិកជន ពុកម៉ែ បងប្អូន ដែលយកចិត្តទុកដាក់ និងបារម្ភពីសុវត្ថិភាព របស់លោក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh