ព័ត៌មានកីឡា៖ ក្លឹបកីឡាបាល់ទាត់មហាសេដ្ឋីប្រចាំនៅប្រទេសបារាំង Paris Saint-Germain បានគម្រាមកំហែងតារា រ៉េប M.I.A. នូវវិធានការតាមផ្លូវច្បាប់ជាមិនខាន ប្រសិនជា តារាស្រីរូបនេះ នៅតែបន្ដរក្សាឈុត វីដេអូចម្រៀងមួយបទដែលមានចំណងជើងថា “Borders.” ដែលបានបង្ហាញ នូវការពាក់អាវ និមិត្ដសញ្ញារបស់ក្លឹប និងអ្នកគាំទ្រក្លឹប ក្នុងក្រុមមនុស្សជនភៀសខ្លួន។
ឈុតខ្លីក្នុងវីដេអូចម្រៀងបទ “Borders.” បានស្ដែងចេញជាលក្ខណៈក្រុមអ្នកភៀសខ្លួនមួយក្រុម ក្រោមការសម្ដែងដោយ ក្រុមតន្ដ្រីករ ជនជាតិអង់គ្លេស ដែលដឹកនាំដោយឈ្មោះ Mathangi Arulpragasam ហៅក្រៅ M.I.A. បានពាក់អាវក្លឹប Paris Saint-Germain បង្ហាញជាមួយនឹង ម្ចាស់ជំនួយផងដែរ គឺ (Nike and QNB)។
អ្នកគ្រប់គ្រងទូទៅរបស់ក្លឹប PSG លោក Jean-Claude Blanc ផ្ដល់អនុសាសន៍ប្រាប់ទៅដល់ តារា រ៉េប M.I.A រូបនោះ តាមរយៈ គណៈនេយ្យ Twitter របស់នាង កាលពីខែធ្នូ ដើម្បីបញ្ឈប់នូវការបង្ហាញវីដេអូលក្ខណៈបែបនេះតទៅទៀត ពោលឲ្យមានការលុបចោល នូវឈុតដែលមានសម្ដែងជាមួយនឹងការពាក់អាវ មាននិមិត្ដសញ្ញារបស់ក្លឹប និងម្ចាស់ជំនួយ ។ ប្រភពដដែលបានបន្ដទៀតថា ក្លឹបមិនមានការសប្បាយចិត្ដនោះទេ ក្រោយពីបានឃើញវីដេអូមួយនោះ ហើយម្យ៉ាងវិញទៀត បើសម្លឹងមើលទៅ ដូចជាមិនទំនងទាល់តែសោះ ដែលនាងត្រូវពាក់អាវនិមិត្ដសញ្ញាប្រចាំក្លឹប ទៅថតសម្ដែងនឹងក្រុម ភៀសខ្លួន។ លោក Jean-Claude Blanc ចង់ឲ្យមានដំណោះស្រាយមួយយ៉ាងល្អ រវាងក្លឹប PSG នឹងម្ចាស់បទចម្រៀងមួយនោះ ក្រោយមានការប៉ះទង្គិច។
គូសបញ្ជាក់ផងដែរថា ក្លឹប Paris Saint-Germain ធ្លាប់បានបង្កើតកញ្ចប់ជំនួយថវិការដែលមានទឹកប្រាក់ដល់ទៅ ១.១២ លានដុល្លារ ទៅឲ្យភ្នាក់ងារ UN និងសមាគមន៍ French non-profit Association ដើម្បីជួយសង្គ្រោះដល់ជនអន្ដោប្រវេសន៍ ដែលមានវិបត្ដិកាលពីខែកញ្ញាកន្លងទៅ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ NBC Sport