ភ្នំពេញ៖ តារាចម្រៀង ចំណូលថ្មី របស់ផលិតកម្ម M កញ្ញា ជិន ស្រីនុត បច្ចុប្បន្ននេះ កំពុងត្រូវបានគ្របដណ្ដប់នូវសំឡេង រិះគន់ជាច្រើន ពីសំណាក់ ទស្សនិកជន ខណៈដែលតារារូបនេះ បន្តប្រកាន់ចរិតឆ្មើងឆ្មៃ ដាក់អ្នកធ្លាប់ស្គាល់គ្នា ជាពិសេសមហាជនដែលធ្លាប់គាំទ្ររូបនាង ចាប់តាំងពីដើមនោះមក។
គេនៅចាំបានថា អតីតតារាចម្រៀង ដាយម៉ិន កញ្ញា ជិន ស្រីនុត កាលពីជាងមួយឆ្នាំមុន នាងបានបញ្ចេញ ឥទ្ធិពលវាយលុកដណ្តើម បានទីផ្សារ គាំទ្រ និងប្រជាប្រិយភាពច្រើនគួរសម ពីសំណាក់យុវវ័យ។ ប៉ុន្តែផ្ទុយពីនេះ ក្រោយពីទទួល បានភាពល្បីល្បាញ ក្នុងអាជីព អ្នកចម្រៀងហើយនោះ តារាចម្រៀង ជិន ស្រីនុត ក៏បានភ្លេចខ្លួនហាក់តម្កើងឫកពារខ្ពស់ ដាក់ទស្សនិកជនអ្នកគាំទ្រ រហូតមានការរិះគន់ ទៅលើភាពមិនសមគួរ ទាំងនោះថា ជាតារាវាយឫកខ្ពស់ ហួសការស្មាន។
មជ្ឈដ្ឋានពីអ្នកគាំទ្រខ្លះ បានបញ្ចេញមតិស្រដៀងគ្នាថា ចាប់តាំងពីដើម ឆ្នាំ២០១៤ មកម្ល៉េះ ដែលពួកគេ មិនសូវ បានឃើញវត្តមានរបស់ កញ្ញា ជិន ស្រីនុត បង្ហាញមុខ តាមឆាកតន្ត្រីធំៗ ដូចតារាល្បីៗ មួយចំនួនទៀតឡើយ ។ ម្យ៉ាងទៀត បើតារាចម្រៀងរូបនេះ នៅតែប្រកាន់ ចរិតឆ្មើងឆ្មៃបែបនេះ ច្បាស់ជាធ្វើឲ្យអាជីពសិល្បៈ របស់ខ្លួន កាន់តែធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេលខាងមុខដ៏ខ្លី ដោយសារឥទ្ធិពល នៃការរិះគន់ ចំពោះអត្តចរិត របស់នាងនាពេលកន្លងមក ។
ស្របពេលគ្នានេះ ក៏មានអ្នកសិល្បៈមួយចំនួន លើកឡើងដែរថា ស្រីនុត ហាក់មានភាពខុសប្លែក ពីមុនទាំងអត្តចរិក ពាក្យសម្តី និង ឫកពារ ពោលគឺ ចាប់តាំងតែពីនាងឡើង កូដបន្តិចមក បានប្រែក្លាយឥរិយាបថខុសមុន។ ក្នុងនោះពេលខ្លះ នាងក៏បានប្រើពាក្យសម្តី មិនសូវសមរម្យ វាយប្រហារមកលើអ្នកសិល្បៈ ដូចគ្នាទៀតផង។
កាលពីរសៀលថ្ងៃទី២៥ ខែតុលា Looking TODAY នៅមិនទាន់អាចទទួលបាន ការបកស្រាយ ពីសំណាក់តារាចម្រៀង ជិន ស្រីនុត នៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណា Looking TODAY នឹងរង់ចាំការបកស្រាយ ដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ លើរូបនាង ដែលកំពុងតែក្ដោបក្ដាប់បានប្រជាប្រិយភាពច្រើនគួរសម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល