CamNews

ព័ត៌មានអន្តរជាតិ 

មុននេះបន្តិច លិចទូកដឹកកូនកំលោះក្រមុំ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ បណ្តាលឲ្យស្លាប់ ០៥នាក់ហើយ

(ហ្សាការតា)៖ ទូកដឹកកូនកំលោះ និងកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ បានលិចនៅក្នុងដែនទឹក នៃខេត្ត Kalimantan ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និង ០៣នាក់ផ្សេងទៀតបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។

តាមពិតទៅហេតុការណ៍នោះបានកើតឡើង តាំងពីល្ងាចថ្ងៃព្រហស្បតិ៍មកម្ល៉េះ ប៉ុន្តែរហូតមក ដល់រសៀលថ្ងៃសុក្រនេះ មនុស្សដែលកំពុងបាត់ខ្លួន គឺមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើតាមការសម្តីរបស់លោក Mujiono មន្ត្រីដឹកនាំប្រតិបត្តិការសង្គ្រោះ ប្រាប់ស៊ិនហួរ។

ចំពោះមូលហេតុនៃគ្រោះថ្នាក់លិចទូកនោះ អាចបណ្តាលមកពីទូកត្រូវខ្យល់បោកបក់ខ្លាំង នៅកណ្តាលសមុទ្រ។ ដោយឡែកសម្រាប់អត្តសញ្ញាណនៃអ្នកស្លាប់និង បាត់ខ្លួន ក៏មិនទាន់មានការបញ្ជាក់ នោះដែររហូតមកទល់នឹងពេលនេះ។

គួរបញ្ជាក់ថាទូកផលិតពីឈើខាងលើនេះ ដឹកមនុស្ស ៥៦នាក់ ក្នុងនោះ ៤៧នាក់ត្រូវបានសង្គ្រោះ ដោយសុវត្ថិភាព៕





ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Indonesia plane int news plane crash