CamNews

ព័ត៌មានជាតិ 

បុគ្គលិកព្រលានយន្តហោះសៀមរាប ហាត់សមពីរបៀបជួយសង្រ្គោះ យន្តហោះធ្លាក់ក្រៅព្រលាន

សៀមរាប ៖ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានធ្វើលំហាត់សមយុទ្ធ ទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ២០១៤ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅទីតាំងសមយុទ្ធ ទីបញ្ជាការកណ្ដាល មជ្ឈមណ្ឌល ប្រតិបត្តិការក្រុមហ៊ុនកាសចរណ៍ ដែលមានទីតាំង នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងនៅមន្ទីរពេទ្យ យោធា មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា ៥គ.ម តាមផ្លូវអាកាស ពីអាកាស យានដ្ឋាន និងប្រមាណ ១៥ គីឡូម៉ែត្រ តាមផ្លូវសង្គ្រោះជាក់ស្ដែង ។

តំណាងអ្នករៀបចំ បានផ្ដល់បទសម្ភាសន៍ថា តាមធម្មតារៀងរាល់ពីរឆ្នាំម្ដង ត្រូវធ្វើសមយុទ្ធ ក្នុងទ្រង់ ទ្រាយធំ ហើយកាលពីឆ្នាំទៅ គឺបានធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយឆ្នាំនេះ គឺពេលនេះ យើងធ្វើនៅអាកាសយានដ្ឋានសៀមរាប ។ ដោយឡែកប្រធានបទនៅថ្ងៃនេះ គឺយន្ដហោះធ្លាក់នៅក្រៅ អាកាសយានដ្នាន ដោយសមយុទ្ធនេះ នឹងអនុវត្តទៅតាមច្បាប់បទដ្ឋានគឺបានសេចក្ដីថា អ្នកដែលទទួល ខុសត្រូវ សម្រាប់គ្រោះមហន្ដរាយនោះ គឺអាជ្ញាធរដែនដី ជាអ្នកអនុវត្ត តែពេលនេះ ខាងអាកាសយាន ដ្ឋានជាអ្នករៀបចំមែន តែគ្រាន់ជាអ្នកជួយ ក្នុងការឆ្លើយតមតែប៉ុណ្ណោះ ។

លោកបញ្ជាក់ថា គោលបំណងសំខាន់នោះ គឺក្នុងការឆ្លើយតបទៅលើគ្រោះអាសន្ន ដែលកើតឡើង ជាយថាហេតុ ។ គឺសមយុទ្ធនេះ សម្រាប់ឆ្លើយតបទៅនឹងជនរងគ្រោះ នៅពេលដែលមានឧបទ្ទវហេតុ យន្ដហោះ គឺគ្រប់អ្នកពាក់ព័ន្ធត្រូវសហប្រតិបត្តិការគ្នា ហើយត្រូវជួយសង្គ្រោះជនរងគ្រោះទាន់ពេល វេលា នៅពេលមានគ្រោះធ្លាក់យន្ដហោះ ជាយថាហេតុណាមួយនោះ ។

សមយុទ្ធលើកនេះ មានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធនៅជុំវិញខេត្ត ពិសេស កង កម្លាំងប្រដាប់អាវុធ មានកម្លាំងយោធា កងរាជអាវុធហត្ថ កម្លាំងនគរបាល អាជ្ញាធរដែនដី មន្ទីរសុខាភិបាលខេត្តជាដើម ដែលមានតួនាទី ក្នុងការឆ្លើយតបនឹងគ្រោះជាយថាហេតុ ធ្លាក់យន្ដហោះនោះ សម យុទ្ធថ្ងៃនេះ មានអ្នកចូលរួមចំនួន ៤៤៩នាក់ ។

ហើយសមយុទ្ធក្នុងថ្ងៃនេះ មានរថយន្ដសង្គ្រោះ អូប៊័រ រថយន្ដពន្លត់អគ្គិភ័យ និងការសង្គ្រោះលើដី ទីវាល ក្នុងផ្ទៃទឹក និយាយជារួមយើងធ្វើដូចក្នុងករណីជាក់ស្ដែង។ លោកបញ្ជាក់ថា សមយុទ្ធថ្ងៃនេះ គឺ សំខាន់ ផ្ដោតលើការទំនាក់ទំនង រវាងអ្នក ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ  ការឆ្លើយតប និងការជួយសង្រ្គោះ ជន រងគ្រោះ ។

លោកក៏បានបន្ដថា សម្រាប់អាកាសយានដ្ឋាន ខេត្តសៀមរាប គឺធ្វើបាន៣លើកហើយ លើកទី១ គឺការ ឆ្លើយតបលើការសង្គ្រោះ និងការពន្លត់អគ្គិភ័យ គឺសមយុទ្ធនៅក្នុងបរិវេណអាកាសយានដ្ឋាន, ហើយទី២ ការសង្គ្រោះ ការពន្លត់អគ្គិភ័យ និងការដឹកជញ្ជូន ក៏ដូចជាការបែងចែកជនរងគ្រោះ, ហើយលើកទី៣នេះ គឺជាប្រធានបទថ្មី ដោយធ្វើនៅក្រៅអាកាសយានដ្នាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh