ពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានក្មេង ដើរឃ្វាលគោប្រទះឃើញ ដេកស្លាប់នៅក្នងព្រៃ នៅចំណុចគោបំបៅកូន ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ រួចក៏រត់ទៅរាយការណ៍ ប្រាប់សមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ ។
សមត្ថកិច្ចនគរបាល បានអោយដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ផុន សុភី អាយុ ៣៤ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ជនរងគ្រោះជាស្រ្តីមេម៉ាយ ហើយថែមទាំងមានកូនចំនួន ៣នាក់ ទៀតផង។ សមត្ថកិច្ចក៏បានបន្តថា តាមការរៀបរាប់របស់ក្រុមគ្រួសារ ស្រ្តីរងគ្រោះ នៅមុនពេលកើតុហេតុ ស្រ្តីរងគ្រោះបានបាត់ពីផ្ទះ នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។ លុះព្រឹកឡើងម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី២៣ ខែសីហា ស្រាប់តែមានក្មេងៗដើរឃ្វាលគោប្រទះឃើញ ស្រ្តីរងគ្រោះនោះដេកស្លាប់ នៅក្នុងព្រៃចម្ងាយពីផ្ទះស្រ្តីគ្រោះប្រហែល ៥០០ម៉ែត្រ ហើយក៏មករាយការណ៍ទៅសមត្ថកិច្ច និងក្រុមគ្រួសារតែម្តង។
សមត្ថកិច្ចក៏បានបន្តទៀតថា តាមការពិនិត្យកោសល្យវិច័យ សពស្ត្រីរងគ្រោះ គឺពិតជាត្រូវបានគេរំលោភ ហើយច្របាច់កសម្លាប់ ដើម្បីបំបាត់ភស្តុតាតែម្តង។
បើតាមសមត្ថកិច្ច ករណីរំលោភសម្លាប់នោះ សមត្ថកិច្ចកំពុងសាកសួរមុខសញ្ញាសង្ស័យចំនួន ៥នាក់៕
