(មណ្ឌលគិរី)៖ តារាចម្រៀងដ៏ល្បី អ្នកនាង ហ៊ឹម សុភី និងក្រុមតន្រ្តី ក្នុងនោះមានលោក ចេវ លោក ចៅ ពេជ្រ ជាគ្រូភ្លេងដ៏ល្បី បានជួបហេតុការអាក្រក់ ក្រឡាប់រថយន្តហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2R-5969 បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញជាបន្ទាន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលនឹកស្មានមិនដល់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៣ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈដែលក្រុមតន្រ្តីទាំងនេះ ធ្វើដំណើរ ទៅប្រគំតន្រ្តីអបអរសាទរ ការឡើងកាន់តំណែង របស់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ អ៊ាង ដែលទើបចូលកាន់តំណែងថ្មីៗនេះ ។
លោក ឆាំ កុសល ដែលជាអ្នកស្ថិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរនោះ បានថ្លែងប្រាប់ Khmertalking ថា អ្នករងគ្រោះទាំង៦នាក់ ក្នុងនោះមានឈ្មោះ ទី១-អ្នកស្រី ហ៊ឹម សុភី (របួសធ្ងន់) អ្នកចម្រៀង ទី២-លោកគ្រូចេវ អ្នកលេងវីយូឡុង និង៣-លោកគ្រូចៅ ពេជ្រ អ្នកលេងសូឡូ ។ ជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនភ្លាមៗ មកសង្រ្គោះនៅរាជធានីភ្នំពេញភ្លាមៗ។
លោក ឆាំ កុសល បានឲ្យដឹងថា បន្ទាប់ពីមានការអញ្ជើញពីក្រុមគ្រួសារ លោកអភិបាលខេត្តមណ្ឌលគិរី ឲ្យទៅប្រគំតន្រ្តី ដើម្បីអបអរ សាទរការឡើងកាន់តំណែងនោះ ក្រុមភ្លេងរបស់លោក បានធ្វើដំណើរតាមរថយន្តហាយឡែនឌ័រ ពណ៌ក្រហមមួយគ្រឿង ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។ លុះដល់ចំណុចកើតហេតុ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រទៀត ពីទីរួមខេត្ត ក៏ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តតែម្តង ដោយសារអ្នកបើកបរមិនស្គាល់ស្ថានភាពផ្លូវ ហើយបើកបរលឿន។
បើតាមលោក ឆាំ កុសល បានឲ្យដឹងថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរ ពួកគាត់ក៏ខកខានក្នុងការប្រគំតន្រ្តី នាំភាពសប្បាយរីករាយ ចំពោះការឡើងកាន់តំណែង របស់លោកអភិបាលខេត្ត ស្វាយ អ៊ាង ហើយក៏ត្រូវត្រឡប់មកភ្នំពេញវិញ ដើម្បីសង្គ្រោះអ្នករបួសធ្ងន់ និងអ្នករបួសស្រាលផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី