(ភ្នំពេញ)៖ មុនធ្វើដំណើរទៅជប៉ុន ដើម្បីរួមរស់ជាមួយក្លឹបថ្មី Fujieda MYFC ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានសម្រេចក្ដីសុបិនរបស់ខ្លួនមួយ នៅក្នុងការងារសង្គម គឺការចុះកិច្ចសន្យាធ្វើជាទូតសុឆន្ទៈរបស់ អង្គការអង្គការសង្គ្រោះកុមារប្រចាំប្រទេសកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការ កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
ចាន់ វឌ្ឍនាកា បានថ្លែងថា នេះគឺជាបំណងប្រាថ្នាមួយក្នុងជីវិតរបស់ខ្លួន ដែលតែងស្រម៉ៃចង់ជួយការងារក្នុងសង្គម ហើយឥលូវសុបិននេះបានក្លាយជាការពិតហើយ ។ មិនតែប៉ុណ្ណោះ អតីតកីឡាករយុវជនក្លឹបព្រះខ័នរាជ ស្វាយរៀងរូបនេះ ក៏បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីចូលរួមជំរុញសកម្មភាពរបស់អង្គការសង្គ្រោះកុមារនៅកម្ពុជា ។
កីឡាករមានប្រភពមកពីខេត្តកំពតរូបនេះ បានបញ្ជាក់ថា ការស្ម័គ្រចិត្តធ្វើការជាមួយអង្គការក្រៅរាជរដ្ឋាភិបាលនេះ ដោយសារអង្គការនេះធ្វើការយ៉ាងជិតស្និទ្ធិ និងរលូនជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថា កុមារគ្រប់រូបអាច ទទួលបានការអប់រំដែលមានគុណភាព ពិសេសកុមាររស់នៅតាមតំបន់ដាច់ស្រយាល ដូចជាភូមិអណ្ដែតទឹក និងលិចទឹកតាមបឹងទន្លេសាបតែម្ដង ។
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះបន្ដថា «ខ្ញុំឃើញកុមាររស់តាមតំបន់ដាច់ស្រយាលមានការលំបាកក្នុងការចូលរៀន ព្រោះខ្វះខាតគ្រឿងបរិក្ខាសាលារៀន គ្រូ និងបញ្ហាមធ្យោបាយធ្វើដំណើរ ហើយខ្ញុំចង់ជួយកុមារទាំងនោះឲ្យទទួលបាន ការអប់រំយ៉ាងហោចណាស់កម្រិតមូលដ្ឋាន ដូចដែលរដ្ឋាភិបាលយើងបានប្ដេជ្ញា ។ ខ្ញុំសប្បាយចិត្តក្នុងការងារនេះ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានអប់រំ» ។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា នឹងត្រូវចេញពីស្រុកកំណើត ទៅបន្ដអាជីពបាល់ទាត់នៅលើទឹកដីជប៉ុន នាពេលឆាប់ៗខាងមុខ ជាមួយនឹងក្លឹបលំដាប់ទី៣ របស់ជប៉ុន គឺក្លឹប Fujieda MYFC ដែលបានប្រកាសនាំយក កីឡាករជំនាញ់ជើងឆ្វេងរូបនេះ កាលពីពេលថ្មីៗកន្លងទៅ ក្នុងលក្ខខណ្ឌខ្ជីជើងមួយរដូវកាល ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង