CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េ​ខាង​ជើង នឹង​ទទួល​ទណ្ឌ​កម្ម​ដ៏​សែន​ឈឺ​ចាប់​ពិតៗ ប្រសិន​បើ​លោក​ស្រី ហ៊ីល​ឡារី គ្លីន​តុន ជាប់

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូប របស់សហរដ្ឋអាមេរិក បានលើកឡើងថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតក្លាយជា​ប្រធានាធិបតីនោះ រដ្ឋាភិបាលអាមេរិកថ្មីនេះ​ នឹងបង្កើតទណ្ឌកម្មថ្មីៗថែមទៀត​ ដែលនឹងផ្តល់ភាពឈឺចាប់យ៉ាងពិតប្រាកដ ទៅដល់របបដឹកនាំទីក្រុងព្យុង​យ៉ាង ក្នុងន័យបង្ខំឲ្យរដ្ឋដ៏ឯកោនេះ លះបង់​ចោលកម្មវិធីនុយក្លេអ៊ែរ​តែម្តង ដែលគោល​នយោបាយនេះ គឺផ្ទុយទៅនឹងអ្វីលោក ដូណាល់ ត្រាំ ចង់បាន។ នេះបើ​តាម​ការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការវិភាគខាងលើនេះធ្វើឡើង ដោយលោកស្រី Laura Rosenberger ទីប្រឹក្សាជំនិតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបន្ទុកផ្តល់ប្រឹក្សានយោបាយ ហើយលោកស្រីបានសង្កត់ធ្ងន់ ទៀតថា «លោកស្រី គ្លីនតុន ជឿជាក់ថា យើងមិនអាច និងអនុញ្ញាតងាយៗឲ្យកូរ៉េខាងជើង ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយជោគជ័យ ដែលនឹងក្លាយជា​ ការ​គំរាមកំហែងដ៏ធំធេង ចំពោះអាមេរិកនោះឡើយ។ លោកស្រី គ្លីនតុន ជឿជាក់ថា អាមេរិកនឹងត្រូវតែធ្វើការ ជាមួយ​សម្ព័ន្ធមិត្តនានា ដើម្បីបន្ថែមសម្ពាធទៅលើ កូរ៉េខាងជើង។ កន្លងមកទណ្ឌកម្មត្រូវបានដាក់ ប៉ុន្តែលើកនេះយើងត្រូវតែ ​បង្កើតទណ្ឌកម្ម​ដែលនឹងបង្កក្តីឈឺចាប់ពិតៗ តែម្តងលើទីក្រុងព្យុងយ៉ាង»។

គួរបញ្ជាក់ថា ប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនោះ វាប្រាកដជារឿងភាគមួយ ដែលបន្តពីលំនាំនៃការដឹកនាំ​ របស់ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែអ្វីដែលនឹងក្តៅ​គគុក ជាង​នេះទៅទៀតនោះ លោកស្រី គ្លីនតុន ត្រូវបានអ្នកវិភាគនានាអះអាងថា នឹងដឹកនាំដោយប្រើឥទ្ធិពលខ្លាំងជាងលោក អូបាម៉ា ទៅទៀត ជាក់ស្តែងគឺ ចំណាត់ការទៅលើកូរ៉េខាងជើង តែម្តង។ ងាក​ទៅ​មើលលោក ដូណាល់ ត្រាំ វិញកាលពីពេលលោកឃោសនា រក​សំឡេង​ឆ្នោតដំបូងៗ លោកធ្លាប់បង្ហាញចេតនា ចង់កែសម្រួលទំនាក់ទំនងឲ្យជិតស្និទ្ធ ជាមួយនឹងកូរ៉េខាងជើង ហើយជា​​ការឆ្លើយតបកូរ៉េខា​ង​ជើង ក៏បានកោតសរសើរ​លោក ត្រាំ ផងដែរថា ជាមេដឹកនាំចេះយល់កាលៈទេសៈ៕


ប្រភព ៖ យ៉ុនហាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite