(ស្វីស)៖ ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បានកើតឡើង នៅប្រទេសស្វីស គឺទណ្ឌិតម្នាក់ និងឆ្មាំគុកស្រីបានពង្រត់គ្នាទៅបាត់ ធ្វើឲ្យក្រុមប៉ូលីស តាមស្វែងរក យ៉ាងសស្រាក់សស្រាំ។ បុរសជាអ្នកទោស មានអាយុ២៧ឆ្នាំឈ្មោះ Hassan Kiko ដែលមានទោស ពីបទរំលោភក្មេងស្រី ជាសិស្សសាលាអាយុ១៥ឆ្នាំ ម្នាក់ តាំងពីឆ្នាំ២០១០ ពេលនេះ គេបានរត់ចេញពីគុក ជាមួយស្ត្រីម្នាក់ អាយុ៣២ឆ្នាំឈ្មោះ Angela Magdici ដែលជាឆ្មាំគុក ដោយពួកគេត្រូវរ៉ូវគ្នា ក្នុងផ្លូវស្នេហា តែឆ្មាំគុកនោះ ត្រូវបានគេនិយាយថា នាងជាស្រីមានប្តីរួចទៅហើយ។
ហេតុការណ៍នេះកើតឡើង នៅឯពន្ធនាគារមួយស្ថិត នៅតំបន់ Dietikon។ លោក Zurich ប្តីរបស់ស្ត្រីជាឆ្មាំគុក បានប្រាប់ប៉ូលីសថា ប្រហែលជា៥ខែមកនេះ ប្រពន្ធខ្លួនមានការផ្លាស់ប្តូរ ច្រើនណាស់ ហើយនាងតែងតែទទួលសារតាមទូរស័ព្ទ ពីជនប្លែកមុខជាញឹកញាប់ ដោយសរសេរក្នុងភាសាផ្សេង ហើយបើតាមដឹងជននោះ គឺទណ្ឌិតដែលជាជនជាតិស៊ីរីនេះតែម្តង ដែលគាត់បារម្ភថា ពួកគេទាំងពីរ ពិតជានាំគ្នាទៅកាន់ ប្រទេសស៊ីរីហើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី