ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Real Madrid បានចេញសេចក្ដីថ្លែងការណ៍ដោយផ្ទាល់ ដើម្បីធ្វើការគាំទ្រកីឡាករខ្សែប្រយុទ្ធរបស់ខ្លួនគឺ Karim Benzema ដែលទទួលរងការចោទប្រកាន់ ថាជាប់ពាក់ព័ន្ធជាមួយ សារពណ៌ខ្មៅ ជាមួយនឹងវីដេអូអាសអាភាស ។
Karim Benzema ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ថ្នាក់ដឹកនាំកំពូលក្លឹប Real Madrid គឺលោក Florentino Perez ដោយអះអាងថាកីឡាករពិតជាជន គ្មានកំហុសនិងពាក់ព័ន្ធអ្វីឡើយ លើករណីនេះ ។ ស្រពពេលនោះផងដែរ នៅល្ងាចថ្ងៃសុក្រ ព្រះរាជអាជ្ញាជនជាតិបារាំង បានសម្រេចដោះលែងកីឡាករឲ្យវិលត្រឡប់ទៅវិញ ខណៈដែលមានការគាំទ្រនេះ ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្លឹប Real Madrid បានបង្ហាញថា" លោក Florentino Perez បានជួបប្រជុំជាមួយ កីឡាករ ដែលក្នុងគោលបំណងផ្ដល់ការគាំទ្រយ៉ាងពេញលេញ និង បញ្ជាក់ពីទំនុកចិត្ដ ថាកីឡាករពិតជាមិនបានជាប់ពាក់ព័ន្ធនឹងករណីមួយនេះឡើយ។ ក្លឹបបានធ្វើការ វាយតម្លៃ និងទទួលស្គាល់ពីការប្ដេជ្ញាចិត្ដ របស់កីឡាករជាមួយនឹងមិត្ដភាពនៃការសម្ដែងកន្លងមក "។
គូសបញ្ជាក់ផងដែរថា Karim Benzema ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ថាមាន ជាប់ពាក់ព័ន្ធ សារខ្មៅ ដែលបានផ្ញើរទៅកាន់មិត្ដរួមក្រុមជម្រើសជាតិ បារាំងឈ្មោះថា Mathieu Valbuena ដើម្បីជម្រិតទារប្រាក់។ ប៉ុន្ដែកីឡាករបានសារភាពថា រូបគាត់ក៏ទទួលការវាយប្រហាដោយ សារខ្មៅនោះដូចគ្នា ដោយពួកគេក៏បានផ្ញើរមកកីឡាករផងដែរ មុនពេលរឿងរ៉ាវបានបែកធ្លាយយ៉ាងនេះ ។ ហើយមកទល់ពេលនេះ កីឡាករត្រូវបាន ដោះលែង ឲ្យវិលត្រលប់ទៅ កាន់ Real Madrid វិញហើយ ។
ថ្នាក់ដឹកនាំក្លឹប Real Madrid លោក Florentino Perez
ដោយ៖ អឿ អ៊ុយ
ប្រភព៖ asianage