មេការបាញ់ថ្នាំរថយន្ដក្រុងម្នាក់ បានសារភាពថា ខ្លួនបានកាត់ប្រដាប់ភេទកូនជាងរបស់ខ្លួន ដើម្បីការពារប្រពន្ធ ក្រោយពីពួកគេបានបបួលគ្នាផឹកស្រា នៅថ្ងៃចុងសប្ដាហ៍។
ជនសង្ស័យឈ្មោះ Permsak Petprasert អាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះជួលរបស់គាត់ នៅក្នុងតំបន់ Soi Bang Tan ស្រុក Ban Pong កាលពីថ្ងៃចន្ទ និងត្រូវបានចោទប្រកាន់ពីបទវាយប្រហារទាំងកំរោល។ ជនរងគ្រោះត្រូវគេស្គាល់ថា មានឈ្មោះ Suwith Thipjantha អាយុ ៣៩ ឆ្នាំ។
ជនដៃដល់ឈ្មោះ Permsak បានប្រាប់ប៉ូលីសថា គាត់ទើបស្គាល់លោក Suwit បានប្រហែលមួយខែប៉ុណ្ណោះ នៅពេលគាត់ព្រមព្រៀងធ្វើជាកូនជាងរបស់ខ្លួនលើការបំពេញការងារបាញ់ថ្នាំរថយន្ដក្រុង នៅរោងចក្រដំឡើងរថយន្ដ ក្នុងស្រុក Ban Pong។ គាត់បានអនុញ្ញាតឱ្យលោក Suwit ស្នាក់នៅផ្ទះជួលរួមជាមួយដោយសារតែអ្នកទាំងពីជាអ្នកមកពីខេត្ដ Trang ដូចគ្នា។
នៅវេលាអាធ្រាតថ្ងៃសៅរ៍ លោក Permsak លោក Suwit និងអ្នកធ្វើការងារជាមួយគ្នាម្នាក់ទៀត បានបបួលគ្នាផឹកស្រា នៅផ្ទះជួល។ ក្រោយមកនៅពេលស្រាអស់ ខ្លួន និងបុរសទី ៣ បាននាំគ្នាទៅទិញស្រាបន្ថែម ដោយទុកឱ្យលោក Suwit ដែលកំពុងស្រវឹងស្រាឱ្យនៅផ្ទះ ខណៈដែលប្រពន្ធរបស់គាត់គឺអ្នកស្រី Tin អាយុ ៥២ ឆ្នាំកំពុងតែដេកលង់លក់។
លោក Permsak បន្ថែមថា នៅពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់បានឃើញប្រពន្ធគាត់រត់ចេញពីផ្ទះដោយអាការៈភ័យស្លន់ស្លោ ព្រមទាំងបានឃើញលោក Suwith ដើរចេញពីបន្ទប់ដេករបស់ប្រពន្ធគាត់ ដោយស្លៀកតែខោខ្លី។ លោក Permsak បានវាយលោក Suwit នឹងឧបករណ៍ជាងឱ្យដួលសន្លប់ទៅនឹងដី រួចយកកាំបិតចិតផ្លែឈើកាត់ប្រដាប់ភេទកូនជាងរបស់ខ្លួនដាច់ថ្មិល បន្ទាប់មកគ្រវែងចូលទៅក្នុងគុម្ភឈើក្បែរនោះ។
លោក Permsak និយាយថា ក្រោយមកគាត់បានសុំឱ្យអ្នកជិតខាងជូនលោក Suwit ទៅមន្ទីរពេទ្យដើម្បីព្យាបាល។ អ្នកស្រី Tin បានប្រាប់ប៉ូលីសថា លោក Suwit ស្រវឹងស្រា ហើយបានចូលបន្ទប់គេងរបស់អ្នកស្រី ព្រមទាំងបានចាប់ស្ទាបដៃអ្នកស្រី។ អ្នកស្រី បានរត់ចេញពីគាត់ ទន្ទឹមពេលដែលប្ដីរបស់អ្នកស្រី បានមកដល់ផ្ទះល្មម។
ប៉ូលីស បានបញ្ជាឱ្យលោក Permsak នាំទៅកន្លែង ដែលគាត់បានបោះលិង្គចោល ប៉ុន្ដែប៉ូលិសមិនអាចរកឃើញនោះទេ។ ប៉ូលីសជឿថា ឆ្កែបានស៊ីលិង្គនោះ ឬពាំយកទៅឆ្ងាយបាត់ហើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ បាងកកប៉ុស្ដិ៍