CamNews

កំសាន្ត 

សុគន្ធ នីសា ចេញមុខ មិនទទួលស្គាល់ Page Facebook ក្លែងក្លាយ ដាក់ឈ្មោះនាង បង្ហោះរឿងនយោបាយ

ភ្នំពេញ៖ តារាចម្រៀងស្រី កំពុងសាងឈ្មោះល្បី នៅក្នុងផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា បានចេញមុខបដិសេធដោយមិនទទួលស្គាល់ ចំពោះPage Facebook ក្លែងក្លាយ ដែលបានបង្កើតឡើង និងយកឈ្មោះនាងទៅប្រើ ដោយបានបង្ហោះរឿងរ៉ាវ ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា ដោយនាងមិនទទួលស្គាល់ថា មិនមែនជាPageពិតប្រាកដរបស់នាង ឡើយ។

ការចេញមុខប្រតិកម្ម បដិសេធពីសំណាក់តារាចម្រៀងស្រី កញ្ញា សុគន្ធ នីសា នៅពេលនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីមានជនអនាមិកម្នាក់ បានប្រើអត្តសញ្ញាណ ដោយបង្កើត Page ដែលមានឈ្មោះ និងដាក់រូបថត របស់តារាចម្រៀងល្បី សុគន្ធ នីសា ហើយបានប្រើ Page មួយនេះ ធ្វើសកម្មភាពមួយចំនួន ទាក់ទងទៅនឹងរឿងនយោបាយ ដែលកញ្ញាគិតថា មិនអាចទទួលយកបាន។ ក្នុងនោះ កញ្ញា សុគន្ធ នីសា បានប្រមានឲ្យបុគ្គលរូបនេះ ឈប់ប្រើប្រាស់សកម្មភាព នេះទៀតទៅ ជៀសវាងការចាត់វិធានការតាមច្បាប់។

តាមរយៈខ្លឹមសារ ដែលត្រូវបានកញ្ញា សុគន្ធ នីសា សរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សាធារណៈកាលពីថ្មីៗនេះ បានលើកឡើងថា «សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំនីសា សូមជម្រាប ដល់ទស្សនិកជន អ្នកគាំទ្រទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំ ព្រោះថ្មីៗនេះ មាន Page មួយបានយកឈ្មោះ និងរូបរបស់នាងខ្ញុំ ទៅបង្ហោះ និងប្រើពាក្យពេចន៍បន្លំ ទស្សនិកជនថា ជា Page ផ្លូវការ របស់នាងខ្ញុំ ព្រមទាំងមានបង្ហោះ ព័ត៌មានដែលពាក់ព័ន្ធនឹងនយោបាយទៀតផង..» ។

នៅក្នុងសារដដែល សុគន្ធ នីសា បានបញ្ជាក់ទៀតថា «នាងខ្ញុំសូមជម្រាបទស្សនិកជន ថា Page មួយនោះជា Page ក្លែងក្លាយទេ ហើយនាងខ្ញុំ មិនសប្បាយចិត្ត នៅពេលដែលមានជនណាម្នាក់ បោកប្រាស់ទស្សនិកជនរបស់នាងខ្ញុំ ដើម្បីទៅប្រើប្រាស់ ក្នុងគោលបំណង ណាមួយឡើយ ។ នាងខ្ញុំសូមបញ្ជាក់ថា Page របស់នាងខ្ញុំពិតគឺ Page ដែលកំពុងបង្ហោះនេះ និងមានអ្នកគាំទ្រជិត ៣សែននាក់ មានតំណភ្ជាប់ www.facebook.com/sokunnisamusic តែមួយនេះប៉ុណ្ណោះ ហើយ Page របស់នាងខ្ញុំ ពុំដែលបង្ហោះព័ត៌មានទាក់ទងនឹងនយោបាយឡើយ បើទស្សនិកជន ឃើញមានឈ្មោះរបស់នាងខ្ញុំ បង្ហោះសារ ឬព័ត៌មានទាក់ទងនឹងនយោបាយនោះ មិនមែនជា Page ពិតទេ.»។
កញ្ញា សុគន្ធ និសា បានបន្ថែមថា «នាងខ្ញុំសូមបញ្ជាក់ម្តងទៀតថា Page ដែលនាងខ្ញុំបង្ហោះ នៅក្នុងរូបនេះ ជាPage ក្លែងក្លាយ សូមទស្សនិកជន កុំយល់ច្រឡំ ...!»។

គេហទំព័រ LookingTODAY នៅរសៀល ថ្ងៃទី១៧ ខែសីហា នេះមិនអាចសុំការបំភ្លឺបន្ថែម ពីកញ្ញា សុគន្ធ នីសា បានទេខណៈបច្ចុប្បន្ន នាងកំពុងស្នាក់នៅ និងដើរកំសាន្តលំហែកាយនៅប្រទេសថៃ ជាមួយក្រុមគ្រួសារ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh