(អាល្លឺម៉ង់)៖ ហេតុការណ៍ នឹកស្មានមិនដល់មួយ បានកើតឡើងខណៈដែលពិធីការិនីម្នាក់ នៅប្រទេសអាល្លឺម៉ង់ កំពុងឈររាយការណ៍ព័ត៌មាន ផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ក៏ស្រាប់តែមានជនមិនស្គាល់មុខបីនាក់ ដើរចូលមកពីក្រោយ រួចប្រព្រឹត្តទង្វើមិនសមរម្យ លើរូបនាងតែម្តង។
ប៉ូលីសនៅ Cologne និយាយថា នៅថ្ងៃកើតហេតុ ពិធីការិនីឈ្មោះ Esmeralda Labye កំពុងរាយការណ៍ព័ត៌មាន ពីព្រឹតិ្តការណ៍កម្មវិធីលេងល្បែងកំសាន្ត របស់ស្ត្រីប្រចាំឆ្នាំ នៃស្ថានីយទូរទស្សន៍មួយ នៅ Belgium ក៏មានបុរសបីនាក់ ចេញមុខមកមានចេតនា បៀតបៀននាងដោយបុរសម្នាក់ ស្ទុះទៅថើបកញ្ចឹងក ពិធីការិនីរូបនេះ បុរសម្នាក់ទៀត ដើរទៅខ្សឹបដាក់ត្រចៀកនាង ។ រីឯជនទីបី ក៏ទៅប៉ះដើមទ្រូងនាងថែមទៀត មុនពេលដែលពួកគេ គេចចេញពីកន្លែងកើតហេតុ។
គ្មាននរណាម្នាក់ ត្រូវបានចាប់ខ្លួននៅឡើយទេ ចំពោះរឿងនេះ ហើយអភិបាលក្រុងបានសុំទោស ដល់ពិធីការិនីដែលរងគ្រោះ និងស្នើឲ្យប៉ូលីស ចាត់វិធានការណ៍តាមរក ជនដៃដល់ទាំងបី ដែលមានបំណងបៀតបៀនកេរ្តិ៍ខ្មាសនាង និងជួយចាត់កម្លាំងការពារ អ្នករាយការណ៍ព័ត៌មាន ស្រីរូបនេះផងដែរ ប្រសិននាងមានកម្មវិធីផ្សាយព័ត៌មាន ផ្ទាល់បែបនេះទៀត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី