ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន កំហឹងទល់កំហល់ ខណៈទប់លែងជាប់ ក៏ព្រលយសម្តី ដ៏គគ្លើនមួយទៅដល់ លោក បារ៉ាក់ អូបាម៉ា អោយទៅចុះនរក ក្រោយពីប្រធានាធិបតីរូបនេះ ធ្វើការ រិះគន់ទៅនឹងចំណាត់ការក្តៅរបស់លោក ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងប្រទេស ហ្វីលីពីន ។
ការគូសបញ្ជាក់ដ៏គគ្លើនខាងលើនេះ ត្រូវបានធ្លោយសម្តីឡើង ខណៈពេលដែល អាមេរិក ហ្វីលីពីន បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ហើយអាមេរិកអោយដឹងថាវាគឺជាសម្ព័ន្ធភាពដ៏ខ្លាំងក្លាជាមួយ ជាមួយនឹងហ្វីលីពីន ។
របាយការណ៍បញ្ជាក់ឲ្យដឹងថា ចំណាត់ក្តៅដែលជាកណ្តាប់ដៃដែករបស់លោក Duterte បានសម្លាប់ មនុស្សអស់ជាច្រើនពាន់នាក់ ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មគ្រឿងញៀន នៅក្នុងស្រុក ខណៈជា ការសម្លាប់ក្រៅប្រព័ន្ធតុលារ ដែលរងនូវការរិះគន់ ពីសហគមន៍អន្តរជាតិ ។ គូសបញ្ជាក់ទៅដល់មន្រ្តី ក្នុងស្រុក ក៏ដូចជាបណ្តាអ្នកវិនិយោគល្បីៗ លោក Duterte ឲ្យដឹងថា លោក ខកចិត្តជាខ្លាំង ទៅលើ ទង្វើដែលសហរដ្ឋអាមេរិក បានធ្វើការរិះគន់ទៅនឹងយុទ្ធនាការរបស់លោក ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មគ្រឿងញៀន ខណៈលោកបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក ពោល រដ្ឋាភិបាល ទីក្រុង វ៉ាស៊ិនតោន គឺជា សម្ព័ន្ធមិត្តមិនគួរឲ្យទុកចិត្ត ។ "Instead of helping us, the first to criticise is this state department, so you can go to hell, Mr Obama, you can go to hell."
ខណៈធ្លោយពាក្យសម្តីពីប្រធានាធិបតី ហ្វីលីពីន លោក Duterte ដែលថាអាមេរិក បដិសេធក្នុងការ លក់អាវុធទៅអោយខ្លួននោះ លោកបន្តបំភ្លឺក្តែងៗឲ្យដឹងថា លោកនឹងទៅទិញសព្វាវុធពីចិន និងរុស្ស៊ី ។ ប្រសិនបើអ្នក (អាមេរិក) មិនលក់សព្វាវុធឲ្យពួកយើង (ហ្វីលីពីន) ចឹងទេ ខ្ញុំនឹងងាកទៅរកប្រទេស រុស្ស៊ី ដោយបញ្ជូនមន្រ្តីទៅទីនោះ ខណៈរុស្ស៊ីថា កុំបារម្ភ ពួកយើងមានគ្រប់យ៉ាងដែលហ្វីលីពីនត្រូវ ការ ហើយពួកយើងនឹងលក់អោយហ្វីលីពីន ។ ខណៈចិនឯណោះវិញ ក្រោមប្រធានបទ លក់ចេញ សព្វាវុធប្រការនោះ ចិននិយាយថា គ្រាន់តែបញ្ជូនមន្រ្តីមកចុះហត្ថលេខាបានហើយ ដូច្នេះអ្វីគ្រប់យ៉ាង នឹងត្រូវដឹកជញ្ចូន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី