ភ្នំពេញៈ បន្ទាប់ពីមានបណ្តាញ សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការ ចុះផ្សាយអត្ថបទមួយ មានចំណងជើងថា «ចា រិទ្ធី និង ខាត់ សុឃីម បន្ទោសគ្នារឿងកូន» មិនទាន់បានមួយថ្ងៃស្រួលបួលផង តារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានប្រញាប់ប្រញាល់ ចេញមុខប្រតិកម្មយ៉ាងដាច់ខាត ថាកូនប្រុសរបស់នាង មានឪពុកផ្តល់ភាពកក់ក្តៅហើយ ក៏មិនចាំបាច់ជីកកកាយ រឿងចាស់ មកនិយាយទៀតដែរ គ្រប់យ៉ាងវាបានបញ្ចប់ទៅ ហើយនាងក៏សុំចិត្តអ្នកសារព័ត៌មាន ឈប់ចុះផ្សាយរឿងនេះទៀត។
នៅក្នុងឃ្លីបវីដេអូ ដែលមានរយៈពេលប្រមាណ២៖១២នាទី ដែលតារាចម្រៀង និងកំប្លែង អ្នកនាង ខាត់ សុឃីម ថតបង្ហោះពី ស្រុកកំណើតមកបានរៀបរាប់ ឲ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងថា នាងមិនសប្បាយចិត្តទេ ដែលឃើញព័ត៌មានចុះផ្សាយ បើកកកាយពីជីវិតផ្ទាល់ខ្លួន របស់នាងបែបនេះ នាងគ្មានអាថ៌កំបាំងទេ ហើយនាងក៏ចង់ប្រាប់ថា រឿងនោះ វាបានបញ្ចប់គ្រប់យ៉ាងជាច្រើនឆ្នាំមកហើយ គ្មានអ្វីត្រូវលាតត្រដាង ឬគាស់កកាយវាមកវិញទេ ។
តារាចម្រៀង ដែលមានទេពកោសល្យ ទាំងចម្រៀងបុរាណ និងសម័យរូបនេះ បានប្រាប់ទៀតថា «ខ្ញុំដឹងថាការសរសេរព័ត៌មាន ខ្ញុំបែបនេះ ប្រាកដជាមានទស្សនិកជន ចាប់អារម្មណ៍ច្រើន ដើម្បីប្រយោជន៍របស់អ្នក តែខ្ញុំក៏មិនសុខចិត្ត ឲ្យអ្នកយកជីវិត គ្រួសារខ្ញុំទៅធ្វើបែបនោះទេ ខ្ញុំមិនព្រម ឲ្យគេបំផ្លាញជីវិត មានក្តីសុខសុភមង្គល ក្នុងគ្រួសារខ្ញុំទេ ខ្ញុំសូមចិត្តអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់ការសរសេរព័ត៌មាន បែបនោះទៀតទៅ ខ្ញុំសុំរឿងនេះមួយ…» ។
នៅក្នុងឃ្លីបវីដេអូនោះ តារាចម្រៀង និងជាម្ចាស់សំអាងការល្បីឈ្មោះរូបនេះ បានសង្កត់ធ្ងន់ច្បាស់ៗថា «កូនខ្ញុំស្កាយល្អ គេមានឪពុកដ៏ល្អគេ ប្តីខ្ញុំ អ៊ិន សុបញ្ញា ដែលគាត់មានតួនាទីសំខាន់ ការពារខ្ញុំ និងកូនៗរបស់ខ្ញុំ…»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល