គ្រឿងផ្សំ
- អន្ទង់ ៣ខាំ
- ខ្ទឹមស ១មើម
- ស្លឹកក្រូចសើច ១សន្លឹក
- ខ្ជាយ ១ចំណិត
- រំដេង ១ចំណិត
- គល់ស្លឹកគ្រៃ ២គល់
- ម្ទេស ១គ្រាប់
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី កន្លះស្លាបព្រាបបរ
- ខ្លាញ់ ២ស្លាបព្រាបបរ
- ស្ករ កន្លះស្លាបព្រាកាហ្វេ
- ម្រះព្រៅ ទៅតាមការចូលចិត្ដ
- សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ
ការរៀបចំគ្រឿងផ្សំ
- សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
- ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង
- ម្ទេសហាន់ជាចំណិតវែងៗ
- សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ដពេក
- ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
- ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។
របៀបធ្វើ
- ជាដំបូងដាក់ខ្ទះឱ្យក្ដៅហើយដាក់ខ្លាញ់ឱ្យក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូល។ បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងប៊ីចេងរួចភ្លក់មើលទើបដាក់ សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន ៕
ដោយ៖ សារ៉ាត
ប្រភព៖ housewifekh