CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញលិខិតកោះហៅ ព្រះរាជអាជ្ញាទូទាំងប្រទេស ដើម្បីពិភាក្សាបញ្ហាលួច ឆក់ ប្លន់

(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតមួយកោះហៅ ព្រះរាជអាជ្ញាទូទាំងប្រទេស បើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ដើម្បីពិភាក្សាអំពីការលើកលែងទោស និងពិនិត្យសំណុំរឿង លួច ឆក់ និងប្លន់ នៅក្នុងប្រទេសកម្ពុជា។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានព្រមានក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ អំពីរឿងអតីតទណ្ឌិត ក្នុងបទល្មើសប្លន់ ដែលមិនព្រមកែខ្លួន ហើយចេញធ្វើសកម្មភាពដដែល បន្ទាប់ពីផ្តន្ទាទោស នៅក្នុងពន្ធនាគារ។

តាមរយៈលិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែល ភ្នាក់ងាព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានឱ្យដឹងថា ការប្រជុំបន្ទាន់ នៅទីស្តីការក្រសួងយុត្តិធម៌នេះ ក្រសួងបានតម្រូវឱ្យព្រះរាជអាជ្ញាទាំងអស់ ធ្វើការប្រមូលទិន្នន័យ និងរាយការណ៍ជូនអង្គប្រជុំអំពីចំនួន សំណុំរឿងពាក់ព័ន្ធនឹងអំពើលួច ឆក់ និងប្លន់ ដែលកំពុងស្ថិតនៅក្នុងចំណាត់ការ អយ្យការ និងតុលាការ, ដែលបានចាត់ការរួច និងដែលទណ្ឌិត ត្រូវបានដោះលែងចេញពីពន្ធនាគារ។

សូមជំរាបថា នៅក្នុងពិធីផ្សព្វផ្សាយ ការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ ចំពោះការស្នើលើកលែងទោសដល់ទណ្ឌិត ដែលពាក់ព័ន្ធនឹងអំពើប្លន់ និងគ្រឿងញៀន។ សម្តេចថា បើទណ្ឌិតដែលពាក់ព័ន្ធនឹងបទល្មើសទាំងពីរនេះ សម្តេចនឹងមិនស៊ីញ៉េ ជួយលើកលែងទោសនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP