CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនសមាជិក ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង CNRP ម្នាក់ ពាក់ព័ន្ធរឿងដើរផ្តិតយកស្នាមមេដៃពីសមាជិក

(កំពត)៖ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតម្នាក់ មកពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវកម្លាំងនគរបាលស្រុកឈូក ចុះទៅឃាត់ខ្លួននៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត តាមបណ្តឹងរបស់ជនរងគ្រោះ ដែលបានអះអាងថា «ដើរបង្ខំឱ្យសមាជិករបស់ខ្លួនផ្តិតស្នាមមេដៃ បញ្ជូនទៅថ្នាក់លើ មិនដឹមូលហេតុច្បាស់លាស់»

លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកំពត បានប្រាប់អង្គភាព Fresh news ថា «ជនសង្ស័យឈ្មោះ ដូង ថុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង មកពីគណបក្សសង្គ្រោះជាតិ មានទីលំនៅភូមិ ឃុំខាងលើ»

លោកបានបន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកឈូក ចុះឃាត់ខ្លួន និងបញ្ជូនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយចោទពីបទ បទល្មើសជាក់ស្តែង តាមបណ្តឹងជនរងគ្រោះ ដែលបង្ខំឱ្យសមាជិករបស់ខ្លួនផ្តិតមេដៃ ដោយប្រាប់ថា យកស្នាមម្រាមដៃទាំងនោះជូនថ្នាក់លើ មិនដឹងមូលហេតុច្បាស់លាស់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងបន្តធ្វើការសាកសួរ ក្នុងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ផ្តល់សិទ្ធដោយ ​៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news kompot