កំពង់ចាម ៖ ជនរងគ្រោះ២នាក់ បានសម្រេចចិត្ត ធ្វើអត្តឃាដ ដោយចងក ដែលម្នាក់មកពីជំងឺសរសៃប្រសាទ និងម្នាក់ទៀត មកពីតូចចិត្តប្រពន្ធរត់ចោល ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅស្រុកស្រីសន្ធរ និងស្រុកចំការលើ។
មន្រ្តីនគរបាល ស្រុកស្រីសន្ធរ បានឲ្យដឹងថា ស្រ្តីម្នាក់ ត្រូវបានសាច់ញាតិ ប្រទះឃើញចងក សម្លាប់ខ្លួន និងគល់ដើមផ្លែល្មុត នាព្រឹកព្រលឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិអូល្វា ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ។
មន្រ្តីនគរបាល បានបន្តទៀតថា ស្រ្តីរងគ្រោះមានឈ្មោះ ឡាយ គឹមអ៊ាង អាយុ៦៥ឆ្នាំ ហើយការធ្វើអត្តឃាដ ខាងលើនេះបណ្តាលមកពីសតិមិនគ្រប់ (សរសៃប្រសាទ) ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនេះ បុរសម្នាក់ បានចងក សម្លាប់ខ្លួនផងដែរ នៅស្រុកចំការលើ ដោយមូលហេតុ ប្រពន្ធរត់ចោល ។ ក្រោយកើតហេតុ មន្រ្តីនគរបាល ជំនាញ និងមូលដ្ឋាន បានចុះទៅពិនិត្យសព ជនរងគ្រោះ ហើយប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕