CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ក្រុមចោរលួចរថយន្ត៣នាក់ ពេលកំពុងចូលច្រៀងខារ៉ាអូខេ, ម្នាក់ជាអ្នកបើករថយន្តនៅផែស្ងួត

(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា កម្លាំងរបស់លោក បានតាមចាប់ខ្លួន ក្រុមចោរលួចរថយន្តចំនួន៣នាក់ មានស្រីម្នាក់ ក្រោយពីពួកគេ បានចូលលួចរថយន្តមួយគ្រឿងម៉ាក Corolla ពណ៌ខ្មៅ សេរីឆ្នាំ៩៧ ស្លាកលេខភ្នំពេញ 2N- 5202 ស្ថិតនៅផ្ទះជនរងគ្រោះលេខ៤៩ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩យប់មិញ ខណ:លោកកំពុងដឹកនាំកម្លាំងចុះល្បាត ស្រាប់តែមានជនរងគ្រោះឈ្មោះ សុង បញ្ញា អាយុ២៧ឆ្នាំ បានប្តឹងថា មានចោរលួចរថយន្តរបស់ខ្លួន។

ពេលនោះលោកអធិការ បានបញ្ជាទៅកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលតាម មូលដ្ឋានចេញពួនស្ទាក់ និងស្រាវជ្រាវ ស្រាប់តែនៅពាក់កណ្តាលអាធ្រាត្រ កម្លាំងនគរបាលបាន ប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ស្ថិតនៅពីមុខហាងខារ៉ាអូខេ យីហោ Relax នៅតាមផ្លូវលេខ២០០៤ ភូមិតាងួន សង្កាត់កកាប។

ក្រោយប្រទះឃើញរថយន្តភ្លាម លោកអធិការ បានបញ្ជាឲ្យកម្លាំងនៅចាំទីនោះ ដើម្បីចេញមកវិញ ឃាត់ខ្លួន ហើយមួយសន្ទុះក្រោយមក ជនសង្ស័យ៣នាក់ ក៏ចេញពីហាង ក៏ត្រូវកម្លាំងចាប់ខ្លួនតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ធឿន វិបុល អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើករថយន្ត នៅផែស្ងួតសុកនត្រេនស្ព័ត នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី២ ឈ្មោះ នន់ ផល្លី អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ ផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ ឈ្មោះ លី រ័ត្ន អាយុ​៣០ ​ឆ្នាំ មុខរបរនារីបម្រើខារ៉ាអូខេ ស្នាក់នៅភូមិព្រៃល្វា សង្កាត់កាកាប។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP