(តូក្យូ)៖ ព្រះរាជវាំងជប៉ុនបានប្រកាសថា ព្រះបិតុលារបស់ព្រះចៅអធិរាជ ជប៉ុន Akihito ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតហើយក្នុងព្រះជន្មាយុ ១០០ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍នេះ ដោយបន្សល់ទុកអ្នក ស្នងរាជ្យបួនព្រះអង្គសម្រាប់ស្នងរាជបល្ល័ង Chrysanthemum។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតនៅចំពេលដែលគេកំពុងរំពឹងទុកថា អាចនឹងមានការផ្លាស់ប្ដូរ អានាគតគ្រួសារព្រះចៅអធិរាជជប៉ុន ព្រមទំាងការកែប្រែប្រពៃណីជប៉ុនជិត ២,៦០០ឆ្នាំមកនេះ ដែលអ្នកស្នងរាជ្យ សុទ្ធតែជាមនុស្សប្រុស ពោលគឺអាចទេដែលគ្រួសាររាជវង្សជាស្រ្តីអាចឡើងស្នងរាជ្យ ខណៈព្រះចៅ អធិរាជជប៉ុន Akihito កាលពីខែសីហា កន្លងទៅ បានបង្ហាញពីគោលបំណង របស់ទ្រង់ក្នុងការដាក់រាជ្យ ដោយសារតែមានការព្រួយបារម្ភ មិនអាចបំពេញរាជ្យកិច្ចបាន ស្របពេលទ្រង់មានព្រះជន្ម ៨២ព្រះវស្សាទៅហើយ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mikasa បានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យទីក្រុងតូក្យូ កាលពីពាក់កណ្ដាល ខែឧសភា បន្ទាប់ពីមានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែអាការៈរបស់ទ្រង់ មិនប្រសើរឡើងនោះឡើយ ទើបទ្រង់សោយទិវង្គត នាពេលនេះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី