(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសតៃវ៉ាន់ បានដំណើរការដាក់លក់សំបុត្រចូលទស្សនារវាងការប្រកួត តៃវ៉ាន់ (Taiwan) ប៉ះក្រុមភ្ញៀវជម្រើសជាតិកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខក្នុងវគ្គជម្រុះបឋម ជើងទី១ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម ។
ប្រភពព័ត៌មានពីទំព័រ Facebook Page របស់គ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon ដែលបានដកស្រង់ព័ត៌មានពីតៃវ៉ាន់ បានឲ្យដឹងថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតនេះ បានដាក់លក់តាម Online ចែកចេញជា ៣ប្រភេទ ដោយទី១ តម្លៃធម្មតា ២០០យ័ន ស្មើនឹង ៣០.៧៩ដុល្លារ ប្រភេទទី២ សម្រាប់សិស្សមានតម្លៃ ១០០យ័ន ស្មើនឹង ១៥.៣៩ដុល្លារ និងទី៣ សម្រាប់ជនក្រីក្រ និងពិការភាព ៥០យ័ន ស្មើនឹង ៧.៧០ដុល្លារ ។
មុនការប្រកួតនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Kaohsiun ដើម្បីចូលរួមប្រកួតជម្រុះបឋម ជើងទី១ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asain Cup UAE 2019 ដោយជួបជាមួយក្រុមកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បត្តិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦ នៅឯកីឡដ្ឋាន Kaohsiung National Stadium តែម្តង ចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីយប់ ស្មើនឹងម៉ោង ៦៖០០នាទីល្ងាចនៅកម្ពុជា មុនជើងទី២ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅទឹកដីកម្ពុជាវិញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នាម៉ោង ៦៖៣០ល្ងាច ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង