CamNews

កីឡាជាតិ 

អត្តពលិកឆ្នើមកម្ពុជា៥នាក់ ទទួលបានអាហា រូបករណ៍ទៅហ្វឹកហាត់នៅជប៉ុន

ភ្នំពេញ៖ អត្តពលិកឆ្នើមៗរបស់កម្ពុជាចំនួន៥នាក់ត្រូវបាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចផ្ដល់អាហា រូបករណ៍ចេញទៅហ្វឹកហាត់ នៅប្រទេសជប៉ុន ដើម្បីត្រៀម ចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាឆ្នាំ២០១៦ខាងមុខ ។

អត្ដពលិកទាំង៥នាក់នោះរួមមានកីឡាការិនីតេក្វាន់ដូ ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី និងបងស្រីបង្កើតខ្លួន ស៊ន ដាវីន ។ កីឡាការិនីចំបាប់ម្ចាស់មេដាយមាសកីឡា SEA Games ចូវ សុធារ៉ា និងកីឡាករ ងួន មករា រួមទាំងកីឡាការិនីហែលទឹក ម្នាក់ទៀតគឺកីឡាការិនី ហែម ថុនវិទិនី ។

លិខិតបញ្ជាក់ការផ្ដល់អាហារូបករណ៍ដល់អត្តពលិកឆ្នើម ទាំង៥នាក់ខាងលើ បានប្រគល់ជូនដោយផ្ទាល់ពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសបិទកម្មវិធីយល់ដឹងអំពីតម្លៃ និងការអប់រំអូឡាំពិក ឆ្នាំ២០១៥កាលពីម្សិលមិញនៅទីស្នាក់ការ NOCC ដែលរៀបចំឡើងដោយក្រុម និស្សិតជប៉ុនចំនួន ៥នាក់ផងនោះ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា អាហារូបករណ៍ខាងលើ នឹងជួយឲ្យអត្ដពលិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្វែងរកមេដាយជូនជាតិ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ខាងមុខ ប៉ុន្ដែអត្តពលិក ក៏ត្រូវយកចិត្តទុកហ្វឹកហាត់ផងដែរ ។ ចំពោះការស្នាក់នៅ និងអាហារហូបចុកគឺខាង Olympic Solidarity ជាអ្នកសម្របសម្រួល និងគ្រប់ គ្រងការចំណាយរបស់អត្តពលិក កម្ពុជាក្នុងពេលហ្វឹកហាត់នៅទីនោះ ។

លោកបានបន្តថា ចំពោះរយៈពេលហ្វឹកហាត់ គឺវែងគួរសមល្មម ដែលអត្តពលិកកម្ពុជាអាចក្រេបជញ្ជក់ យកចំណេះដឹងមកអភិវឌ្ឍន៍ វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន ពោលគឺគិតចាប់តាំងពីខែមករា ឆ្នាំ២០១៥ រហូតដល់ខែសីហា ឆ្នាំ២០១៦ឯណោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP