CamNews

កីឡាជាតិ 

បឹងកេត ប៉ះម្ចាស់ផ្ទះ Becamex Binh Doung ក្នុង BTV Cup 2016 ខណៈជាសត្រូវចាស់ឆ្នាំមុន

(ភ្នំពេញ)៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ នឹងធ្វើការប្រកួតបើកឆាកពានរង្វាន់ BTV Cup 2016 នាវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែធ្នូនេះហើយ ដោយត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Becamex Bing Doung នៅលើទីលានពហុកីឡដ្ឋាន Binh Doung នៃប្រទេសវៀតណាម។

នេះជាលើកទី២ហើយ ដែលក្រុមជើងឯកលីគកំពូលកម្ពុជា និងអតីតក្រុមជើងឯកលីគកំពូលវៀតណាមខាងលើ មានឱកាសជួបគ្នា ខណៈជួបលើកទី១ នៅលើទឹកដីវៀតណាម កាលពីចុងឆ្នាំ២០១៥កន្លងទៅ គឺក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម Becamex Bing Doung ដោយលទ្ធផល ៣-២ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន TOYOTA Mekong Cup 2015។

ដោយហេតុនេះ ចាំមើលជំនួបល្ងាចនេះ ក្រុមបឹងកេត អាចបន្ដយកឈ្នះក្រុមខ្លាំងវៀតណាមនេះបានដូចឆ្នាំមុនឬទេ? លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានឲ្យមុនចេញដំណើរថា លោកនឹងមិនលាក់ជើងកីឡាករឡើយ ពោលគឺត្រូវប្រើប្រាស់ធនធានកីឡាករល្អៗទាំងអស់ ដើម្បីស្វែងរកជ័យជម្នះ និងកិត្តិយសជូនជាតិ ពិសេសក្នុងជំនួបជាមួយក្រុម Becamex Bing Doung ថ្ងៃបើកឆាកតែម្ដង។

គួរបញ្ជាក់ថា បេសកកម្មលើកនេះ គឺក្រុមបឹងកេតអ្គរ ស្ថិតក្នុងពូល​ A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ២ក្រុម និងក្រុមមកពីសាធារណៈរដ្ឋកូរ៉េ ១ក្រុម ខណៈការប្រកួតសន្សំពិន្ទុតាមពូលគ្រោងនឹងចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូខាងមុខនេះ ប៉ុន្ដែបើសិនបឹងកេត អាចឆ្លងផុតទៅវគ្គបន្ដ នោះការប្រកួតនៅតែបន្ដ ដោយកាលបរិច្ឆេទគណៈកម្មការរៀបចំការប្រកួតនឹងកំណត់ពេលក្រោយ៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh Sport news