CamNews

ព័ត៌មានអន្តរជាតិ 

ទីបំផុតតុលាការធម្មនុញ្ញ​កូរ៉េខាងត្បូងបានសម្រេច «ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតីហើយ!»

(សេអ៊ូល)៖ តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​នៅថ្ងៃសុក្រនេះ បានចេញ​សាលក្រមសម្រេចទម្លាក់លោក​ស្រី ផាក គឺនហេ ចេញពីតំណែង​ប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រី​ផុងខ្លួន​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយ​ ឆយ ស៊ូនស៊ីល ហើយតាម​រយៈការសម្រេច​ចិត្តនេះ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃ​បន្ទាប់។ នេះបើតាមទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់​នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

 







ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាមព្រឹកម៉ោង១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀត​តាមរយៈការសម្រេចចិត្ត​នេះ លោកស្រី ផាក បានក្លាយជា​ប្រមុខរដ្ឋដំបូងគេ​បំផុតនៅក្នុង​ប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបាន​ទម្លាក់ចេញពី​តំណែងក្នុងពេល​កំពុងកាន់តួនាទី។

សភាកូរ៉េខាងត្បូង​បានបោះឆ្នោត​ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែង​កាលពីខែធ្នូកន្លងទៅ ដោយសារតែរឿង​អាស្រូវពុករលួយ​នយោបាយ ឆយ ស៊ូនស៊ីល ។ មិនតែប៉ុណ្ណោះលោកស្រី​ក៏ត្រូវគេ​ចោទប្រកាន់​ផងដែរថា មិនបានបំពេញ​កាតព្វកិច្ច​គ្រប់គ្រាន់ ក្នុងការការពារ​អាយុជីវិត​ជនរងគ្រោះ ដែលបានស្លាប់​បាត់ជីវិត​ជាង ៣០០នាក់ នៅក្នុងសោកនាដកម្ម​លិចសាឡង់​ដឹកអ្នកដំណើរ Sewol កាលពីឆ្នាំ២០១៤។ ជាងនេះទៅ​ទៀត បើទោះបីជា​លោកស្រីផាក ធ្លាប់សម្ដែងការ​សោកស្ដាយ និងសូមទោស​ជាច្រើនលើក​ក៏ដោយ ក៏ប្រជាជន​កូរ៉េខាងត្បូង​ភាគច្រើន នៅតែចង់ឱ្យ​លោកស្រីចុះចេញ​ពីតំណែងដដែល។

គួរបញ្ជាក់ថា បានកាន់​តំណែងជាប្រធានាធិបតី​កូរ៉េខាងត្បូង​ចាប់តំាងពី​ឆ្នាំ២០១២មក លោកស្រី ផាក គឺនហេ ត្រូវបាន​ចោទប្រកាន់​ថា​រំលោភលើ​អំណាចរដ្ឋ ដោយលោកស្រី​អនុញ្ញាតឱ្យ​មិត្តភក្តិរាប់​អានគ្នាជាង​៤០ឆ្នាំ​ឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ និងប្រើអំណាច​ប្រធានាធិបតី​ដើររៃអង្គាស​ប្រាក់ពីបណ្ដា​ក្រុមហ៊ុនធំៗ​នៅ​កូរ៉េខាងត្បូង៕



ប្រភព ៖ RT/Yonhap


Tags: India Russia Satellite Int news Hot news