CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្រ្តីកម្ពុជា៖ ISIS អាចយកកម្ពុជា ធ្វើជាតំបន់សុវត្ថិភាព

-UNស្នើឲ្យកម្ពុជា ត្រួតពិនិត្យខ្លាច ISIS ពួនសម្ងំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជាមិនមែន ជាតំបន់គោលដៅរបស់ពួកភេរវកម្ម ISISក្នុងការវាយប្រហារ ប៉ុន្តែកម្ពុជាអាចឲ្យពួកគេយកកម្ពុជា ធ្វើជាកន្លែងសុវត្ថិភាពក៏អាចថាបាន។

ដូច្នេះជាហេតុ ដែលធ្វើឲ្យសម្តេចស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ក្នុងការតាមដាននូវរាល់ សកម្មភាពនៅទូទាំងប្រទេស។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីមហាសន្និបាត របស់សភាអាស៊ី(APA) ដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ។

ព្រមជាមួយគ្នានេះដែរ ភាគីអង្គការសហប្រជាជាតិ (UN) ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ក៏បានធ្វើការអំពាវនាវនិងស្នើឲ្យកម្ពុជា ត្រូវត្រួពិនិត្យអំពីសកម្មភាពរបស់ពួកISIS ផងដែរ ព្រោះពួកគេអាចយកកម្ពុជាធ្វើជាកន្លែងលាក់ខ្លួន។

សម្តេចបានបញ្ជាក់ថា “កាលពីថ្ងៃម្សិលមិញខាងអង្គការសហប្រជាជាតិ បានមកជួបខ្ញុំ។ខ្ញុំបាននិយាយថា កម្ពុជាទោះបីជាពួកISIS មិនអាចចូលមកដល់ ក៏មិនត្រូវភ្លេចខ្លួន គេអាចវាយនៅប្រទេសដទៃក្នុងតំបន់យើង ក៏ប៉ុន្តែគេយកកម្ពុជា ធ្វើជាតំបន់សុវត្ថិភាពទៅវិញក៏អាចថាបាន ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នជាមួយបញ្ហានេះ”។

សម្តេចបានបន្តថា ពួកភេរវកម្ម ISIS បានវាយប្រហារតំបន់ជាច្រើន នៅក្នុងប្រទេសមួយចំនួនលើពិភពលោក និងតំបន់អាស៊ី ប៉ុន្តែបច្ចុប្បន្នពួកគេបានបង្វែរទិសមកវាយប្រហារសហរដ្ឋអាម៉េរិក និងតំបន់ផ្សេងទៀត ដោយគ្មានខ្លាចរអាលនិងរើសមុខនោះទេ។
នៅចំពោះមុខមន្រ្តីជាន់ខ្ពស់ជាច្រើនរូប មកពីបណ្តាប្រទេសចំនួន២២ ក្នុងពិភពលោក នៅព្រឹកថ្ងៃទី៩ ធ្នូ នេះ សម្តេចក៏បានរំលឹកពីអតីតកាល ដែលសម្តេចបានលើកឡើង ពីរបបអាសាដជាមួយលោក បាន គីមូន អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងនិយាយពី ISISជាមួយលោកប្រធានាធិបតីអាម៉េរិក លោកបារាក់ អូប៉ាម៉ា ផងដែរ ក្នុងកិច្ចប្រជុំអាស៊ាន-អាម៉េរិកនាពេលកន្លងមក។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមកនេះ ប្រទេសថៃបានដាក់កម្លាំង ការពារសុវត្ថិភាពគ្រប់គោលដៅនៅទូទាំងប្រទេស ក្រោយពីទទួលព័ត៌មានថា ប្រជាជនស៊ីរីមួយចំនួ នបានមកសម្ងំលាក់ខ្លួននៅថៃ ហើយពួក ISIS នឹងមកវាយប្រហារពួកគេ ប៉ុន្តែក្រោយដាក់កម្លាំងហើយ មិនមានឃើញសញ្ញាអវិជ្ជមានណាមួយកើតមានឡើងឡើយ។

ទាក់ទងបញ្ហានេះដែរ ប្រទេសស៊ីរី បានក្លាយជាប្រទេស ដ៏លេចធ្លោជាងគេក្នុង ការបង្កើតជំនាន់ថ្មីនៃក្រុម សកម្មប្រយុទ្ធ បន្ទាប់ពី ក្រុមឧទ្ទាមរដ្ឋ ឥស្លាម ISIS អាចកេណ្ឌកម្លាំង សកម្មប្រយុទ្ធពីបរទេស បានរហូត៣១ពាន់នាក់ក្នុងរយៈ ពេលត្រឹម១៨ខែកន្លង មកនេះ នេះបើយោងតាម ប្រភពពីអតីតប្រធានភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់ចក្រភពអង់គ្លេស ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP