តើអ្នកបានដឹងទេថាមនុស្សជាច្រើន នៅក្នុងពិភពលោកទទួលរងនូវបញ្ហាដោយសារជំងឺម្យ៉ាងឈ្មោះថា “ជំងឺស្អុយមាត់”? ជំងឺស្អុយមាត់ ដែលពាក្យសាមញ្ញគេហៅថា “ក្លិនមាត់មិនល្អ” គឺជាអាការៈមួយដ៏សាមញ្ញ និងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ប៉ុន្ដែតាមពិតនោះអាការៈនេះ មិនពិបាកក្នុងការព្យាបាលនោះទេ។ នៅក្នុងករណីជាច្រើន វាក៏គ្រប់គ្រាន់ហើយក្នុងការរក្សាសុខភាពមាត់ធ្មេញឱ្យប្រសើរ ពីព្រោះវាគឺជារឿងសំខាន់ផងដែរ នៅពេលនិយាយដល់ថាតើអ្នកមានបញ្ហាក្លិនមាត់ ឬក៏អត់។ ចំពោះករណីដទៃទៀត បញ្ហាក្លិនមាត់ គឺកើតចេញទម្លាប់មិនល្អ ដែលពួកគាត់អនុវត្ដជារៀងរាល់ថ្ងៃ។ ជាតួយ៉ាង មនុស្សម្នាក់ ដែលជក់បារីជាប្រចាំនឹងប្រឈមដោយផ្ទាល់ ចំពោះការមានក្លិនមាត់មិនល្អ ដែលកើតចេញអំពីក្លិននៃថ្នាំជក់ ជាក្លិនម្យ៉ាង ដែលរំខានដល់មនុស្សភាគច្រើន។ លើសពីនេះទៀត ក៏មានអាហារមួយចំនួន ដែលបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ ជាឧទាហរណ៍គឺអាហារដែលមានក្លិន និងរសជាតិខ្លាំងដូចជាខ្ទឹមបារាំង ខ្ទឹមស ទឹកខ្មេះ និងអាហារមួយចំនួនទៀត។ ខាងក្រោមនេះ យើងសូមណែ គន្លឹះសំខាន់ៗ ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនមាត់មិនល្អ៖
១. សម្អាតមាត់របស់អ្នកឱ្យបានសមស្រប៖ ដើម្បីចាប់ផ្ដើមការសម្អាតមាត់ អ្នកចាំបាច់ត្រូវយល់ថា ជាទូទៅជំងឺក្លិនមាត់នឹងបាត់ទៅវិញ នៅពេលដែលអនាម័យមាត់ធ្មេញ ត្រូវបានអនុវត្ដបានត្រឹមត្រូវ។ ការអនុវត្ដអនាម័យបានល្អនោះ ក៏មានន័យថា ការដុសធ្មេញបានល្អ ការសម្អាតសាច់ថ្ពាល់ខាងក្នុង អញ្ចាញ និងអណ្ដាត ក្រោយពេលអ្នកបានប្រើអំបោះសម្អាតចន្លោះធ្មេញ។ បើអាចទៅរួច ក្រោយការដុសធ្មេញ សូមប្រើទឹកថ្នាំខ្ពុរមាត់ ពីព្រោះទឹកថ្នាំខ្ពុរមាត់ នឹងជួយឱ្យអ្នកស្រស់ស្រាយបានយូរ និងមានក្លិនមាត់ប្រហើរពេញមួយថ្ងៃ។
២. ចៀសវាងអាហារ ដែលមានក្លិនខ្លាំង៖ ចៀសវាងឱ្យបានកាន់តែច្រើនតាមតែអាចធ្វើបាន ចំពោះការទទួលទានអាហារ ដែលបង្កក្លិនមិនល្អក្នុងមាត់របស់អ្នក។ អាហារដែលល្បីថា បង្កក្លិនមិនល្អក្នុងមាត់នោះគឺមានដូចជា ខ្ទឹមស និងខ្ទឹមបារាំង ប៉ុន្ដែមនុស្សជាច្រើនជួបប្រទះនូវក្លិនមាត់មិនល្អក្រោយការពិសាជ្រក់ស្ពៃក្ដោប និងកាហ្វេ។ ហេតុដូច្នេះ បើអាចទៅរួច អ្នកគួរចៀសវាងវា ដើម្បីឱ្យក្លិនស្រស់ថ្លា និងដើម្បីព្យាបាលជំងឺក្លិនមាត់។
៣. ពិសាផ្លែឈើជូរ៖ សូមព្យាយាមទទួលទានអាហារ ដែលបង្កើនការផលិតចេញនូវទឹកមាត់ឱ្យបានច្រើន។ ការណ៍នេះនឹងធ្វើឱ្យមាត់របស់អ្នកមានសំណើម ហើយវានឹងមិនងាយធ្វើឱ្យអ្នកកើតមានជំងឺក្លិនមាត់មិនល្អឡើយ។ ជាតួយ៉ាង ប្រភេទផ្លែឈើជូរដូចជា ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងក្រូចឆ្មារជាដើមនេះ គឺល្អប្រសើរក្នុងការផលិតចេញនូវជាតិទឹកក្នុងមាត់។ ម្យ៉ាងទៀត សូមព្យាយាមចៀសវាងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ចំពោះការទទួលទាននូវអាហារស្ងួតដូចជា នំស្រួយ នំបុ័ង ឬគ្រាប់ផ្លែឈើ ព្រោះវាងាយនឹងធ្វើឱ្យជាប់ស្អិតនៅនឹងក្រអូមមាត់ ដែលនឹងចាប់ផ្ដើមផលិតចេញនូវក្លិនមិនល្អក្រោយមួយរយៈ នៃការទទួលទាន។ ប្រសិនបើអ្នកគង់តែទទួលទានវាដដែល អញ្ចឹងសូមព្យាយាមដុសធ្មេញ និងសម្អាតមាត់ទាំងស្រង់ឱ្យបានឆាប់តាមតែអាចធ្វើបាន។
៤. ពិសាទឹកឱ្យបានច្រើន៖ ការពិសាទឹក ក៏នឹងជួយអ្នកក្នុងការរក្សាក្លិនមាត់ឱ្យស្រស់ថ្លាផងដែរ ពីព្រោះការផលិតចេញនូវទឹកមាត់នឹងកើនឡើង ហើយនឹងផ្ដល់ឱ្យអ្នកនូវប្រសិទ្ធភាពកាត់បន្ថយ បរិមាណបាក់តេរី ឬមេរោគក្នុងមាត់ ដែលបង្កដោយកត្ដាផ្សេងៗ។ ជាចុងបញ្ចប់ យើងសង្ឃឹមថា អ្វីដែលយើងបានចែករំលែកនៅក្នុងអត្ថបទនេះ នឹងបានជាជំនួយដ៏ប្រសើរ និងផ្ដល់ឱ្យអ្នកនូវប្រសិទ្ធភាពពេញលេញក្នុងការកាត់បន្ថយនូវបញ្ហាក្លិនមាត់ ប្រសិនបើអ្នករងវិបត្ដិដោយសារវា បើមិនដូច្នោះទេ អ្នកអាចណែនាំនូវអត្ថបទនេះទៅមិត្ដណាម្នាក់ដែលត្រូវការវា។ សូមចងចាំនូវសារៈសំខាន់ នៃការរក្សាអនាម័យ មិនត្រូវរក្សាអនាម័យតែមាត់ប៉ុណ្ណោះទេ ប៉ុន្ដែត្រូវរក្សាអនាម័យគ្រប់ផ្នែកនៃរាងកាយ ការណ៍នេះនឹងឆ្លុះបញ្ចាំងអំពីអ្នក ៕
ប្រែសម្រួល ៖ សារ៉ាត់
ប្រភព ៖ steptohealth