(វ៉ាស៊ីនតោន)៖ យោងតាមការផ្សាយ របស់សារព័ត៌មាន CNN ប្រជាជនអាមេរិកបានចាប់ផ្ដើមរាប់ថយក្រោយ (Countdown) ហើយចំពោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ដែលនឹងត្រូវបានប្រព្រឹត្តទៅ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាវាជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនៅអាមេរិកក្តីក៏ទូទាំងពិភពលោក បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដែរ ចាប់តាំងពីការរើសបេក្ខជន ប្រធានាធិបតីពីដំបូងៗ មកម្ល៉េះ។
ប្រធានាធិបតីសហរដ្ឋ អាមេរិកទី៤៥ នឹងត្រូវប្រកាសនាពេល០៥ថ្ងៃខាងមុខទៀតនេះ ដែលមានបេក្ខជនតែពីររូបប៉ុណ្ណោះ ដែលត្រូវឡើងទៅប្រកួតប្រជែង រួមមាន លោកស្រី ហ៊ីលឡារី គ្លីន តុន និងលោក ដូណាល់ ត្រាំ ក្រោយពេលការរាប់សន្លឹកឆ្នោត នៅថ្ងៃបញ្ចប់ការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយប្រធានាធិបតីអាណត្តិថ្មី ជំនួសលោក បារ៉ាក់ អូបាម៉ា នឹងត្រូវតែងតាំងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា លោកស្រី គ្លីនតុន ជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអាណត្តិទី១ របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងជាសមាជិកព្រឹទ្ធសភានៃរដ្ឋញូយ៉ក។ ដោយឡែកលោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលជាពាណិជ្ជករដ៏ល្បីមួយរូបនៅទីក្រុងញូយ៉ក។ សម្រាប់លទ្ធផលនៃការបោះឆ្នោត នៅអាមេរិកដែលនឹងត្រូវប្រកាសជាលើកដំបូង នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា នោះ គឺត្រូវជាពេលព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ពេលវេលានៅប្រទេសកម្ពុជា ដូច្នេះគ្រប់គ្នាអាចរង់ចាំតាមដានលទ្ធផល ជាបឋមចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕
ប្រភព ៖ ស៊ីអិនអិន
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង