ប្រព័ន្ធស៊ាំ និងសុខភាពរបស់អ្នកគឺមានទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់ ដូច្នេះប្រព័ន្ធស៊ាំរាងកាយរបស់អ្នកកាន់តែខ្លាំង ប្រសិទ្ធភាពការពារប្រឆាំងនឹងវីរុស និងជំងឺ ដែលមកបៀតបៀនរាងកាយរបស់អ្នកក៏កាន់តែខ្លាំងដែរ។ អ្នកអាចងាយនឹងកើតជំងឺគ្រុនផ្ដាសាយ និងឆ្លងវីរុស នៅពេលអ្នកមានប្រព័ន្ធស៊ាំរាងកាយខ្សោយ ដែលប្រការនេះពិតជាប៉ះពាល់ដល់រាងកាយរបស់អ្នក។ ទម្លាប់ប្រចាំថ្ងៃរបស់យើងភាគច្រើនជះឥទ្ធិពលដោយផ្ទាល់ចំពោះប្រព័ន្ធស៊ាំរាងកាយរបស់អ្នក ពិសេសពេលដែលអ្នកឈានដល់វ័យចាស់។ ហេតុដូច្នេះ វាជារឿងសំខាន់ក្នុងការស់នៅ នៅក្នុងបរិបទជីវិតមួយ ដែលល្អចំពោះសុខភាព ប្រសិនបើអ្នកចង់មានអារម្មណ៍ល្អ។ ខាងក្រោមនេះ យើងសូមធ្វើការបង្ហាញនូវទម្លាប់ ៣យ៉ាង បំផ្លាញប្រព័ន្ធស៊ាំរាងកាយរបស់អ្នក។
ជាតិស្ករច្រើន៖ ការពិសាស្ករច្រើន អាចធ្វើឱ្យចុះខ្សោយសមត្ថភាពប្រព័ន្ធស៊ាំរបស់រាងកាយ ក្នុងការប្រឆាំងនឹងមេរោគក្នុងកម្រិត ៤០%។ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ស្ករជះឥទ្ធិពលដល់រាងកាយក្នុងរយៈពេល ៥នាទី ក្រោយពីវាត្រូវបានពិសាចូលទៅក្នុងពោះ ហើយឥទ្ធិពលនេះប្រព្រឹត្ដទៅក្នុងរយៈពេល ៥ម៉ោង។ អ្នកចាំបាច់ត្រូវមានប្រភពដ៏ប្រសើរ នៃវីតាមីនC ប្រសិនបើអ្នកចង់ឱ្យប្រព័ន្ធស៊ាំរាងកាយរបស់អ្នកដំណើរការបានប្រក្រតី។ នៅពេលយើងពិសាស្ករច្រើន ជាតិស្ករនេះចាប់ផ្ដើមបំផ្លាញនូវជាតិវីតាមីនC នៅក្នុងរាងកាយ និងបំផ្លាញរចនាសម្ព័ន្ធកោសិកា នៃប្រព័ន្ធស៊ាំរាងកាយរបស់អ្នក។
ពិសាគ្រឿងស្រវឹងច្រើន៖ គ្រឿងស្រវឹងមាននូវឥទ្ធិពលអវិជ្ជមានជាច្រើនចំពោះសុខភាព ពីព្រោះវាធ្វើឱ្យរាងកាយរបស់អ្នករាំងស្ទះក្នុងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ ដែលដឹកនាំទៅរកភាពកង្វះសារធាតុចិញ្ចឹម។ នៅពេលអ្នកពិសាគ្រឿងស្រវឹងច្រើន វាធ្វើឱ្យកោសិកាឈាមសរបស់អ្នកមិនត្រូវបានផលិតគ្រប់គ្រាន់។ អ្នកអាចវិវឌ្ឍនូវប្រព័ន្ធស៊ាំរាងកាយយ៉ាងខ្សោយ នៅពេលរាងកាយរបស់អ្នកផលិតនូវកោសិកាមិនគ្រប់គ្រាន់។
គេងមិនគ្រប់គ្រាន់៖ នាពេលបច្ចុប្បន្ន ជំងឺដេកមិនលក់គឺជាវិបត្ដិដ៏សាមញ្ញបំផុត ដែលតែងតែកើតមាន។ ការមានការងារច្រើនលើសពី១ ស្រ្ដេស និងការធ្លាក់ទឹកចិត្ដ គឺជាកត្ដារួមផ្សំ ដែលរារាំងអ្នកពីដំណេកមួយ ដែលអ្នកត្រូវការ និងវាធ្វើឱ្យអ្នកពិបាកក្នុងការសម្រាកឱ្យបានស្រួល។ យោងតាមការសិក្សាស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាលល័យ Chicago បានឱ្យដឹងថា មនុស្ស ដែលគេងបានត្រឹម ៤ម៉ោង ឬតិចជាង ៤ម៉ោងក្នុងមួយថ្ងៃមានសមត្ថភាពផលិតចេញនូវអង្គបដិប្រាណបានត្រឹមតែពាក់កណ្ដាល ដើម្បីប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយ ចំនួននេះមានកម្រិតិចជាង មនុស្សដែលគេង រយៈពេល ៨ម៉ោងក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth