(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលជាក្រុមបរាជ័យថ្ងៃបើកឆាកពាន AFF Suzuki Cup 2016 នឹងត្រូវជួបគ្នានាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដើម្បីប្រជែងយក ៣ពិន្ទុដំបូងរៀងៗខ្លួន សម្រាប់បន្ដ ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏ត្រូវជួបក្រុមជម្រើសជាតិវៀតណាម ដើម្បីប្រជែងកៅអីកំពូលតារាងពូល B ថ្ងៃនេះផងដែរ។
សម្រាប់ជំនួបរវាងក្រុមគោព្រៃកម្ពុជា និងមីយ៉ាន់ម៉ា គឺជាការប្រកួតមួយដ៏សំខាន់ ដោយសារក្រុមទាំងពីរសុទ្ធតែត្រូវការ ឈ្នះជាចាំបាច់។ ជាបណ្ដោះអាសន្នក្រុមទាំងពីរ នៅសល់២ប្រកួតដូចគ្នា ប៉ុន្ដែបើសិនល្ងាចនេះ ក្រុមណាចាញ់ ក្រុមនោះនឹងអស់ឱកាសឡើងទៅវគ្គបន្ដ។ តែក្រុមទទួលបានជ័យជម្នះ ក៏មិនទាន់មានសង្ឃឹមច្រើនដែរ គឺត្រូវចាំអ៊ុតការ ប្រកួតចុងក្រោយជាមួយក្រុមវៀតណាម ឬម៉ាឡេស៊ីសិន។
សូមរំឮកថា ចាប់តាំងពីឆ្នាំ២០០៨ រហូតមកទល់នឹងបច្ចុប្បន្នកម្ពុជា និងមីយ៉ាន់ម៉ា មានប្រវត្ដិធ្លាប់ជួបគ្នា ៦លើកមក ហើយ ក្នុងនោះជួបគ្នា ៥លើកក្រុមមីយ៉ាន់ម៉ា ទទួលបានជ័យជម្នះ ហើយមានម្ដងគត់ ដែលក្រុមទាំងពីរបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នា ០-០ ពោលគឺនៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើកចុងក្រោយ កាលពីឆ្នាំ២០១៥ កន្លងទៅនៅ លើទឹកដីប្រទេសថៃ។
គួរបញ្ជាក់ថា នៅក្នុងពូល B ជាបណ្ដោះអាសន្នពេលនេះ គឺក្រុមម៉ាឡេស៊ី ឈរកំពូលតារាង ខណៈក្រុមវៀតណាមឈរ លេខរៀងទី២ ប៉ុន្ដែមាន ៣ពិន្ទុស្មើគ្នា។ ចំណែកក្រុមគោព្រៃកម្ពុជា និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅមិនទាន់មានពិន្ទុរាប់ នោះទេ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ៣-២ និងវៀតណាម បានយកឈ្នះមីយ៉ាន់ម៉ា ២-១ កាលពីថ្ងៃបើក ឆាកចុងសប្ដាហ៍កន្លងទៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង