សុខភាព ៖ បន្លែ និងផ្លែឈើតែងផ្ដល់ថាមពលបន្ថែមដល់រាងកាយរបស់យើង ប៉ុន្ដែប្រភេទមួយចំនួនទៀត មានគុណសម្បត្ដិក្រៃជាង ពីព្រោះវាសម្បូរដោយថាមពលខ្ពស់ ដែលផ្ដល់ឱ្យរាងកាយ ខណៈពេលបន្លែ និងផ្លែឈើដទៃទៀត មានប្រសិទ្ធភាពធ្វើឱ្យងងុយគេង។ នៅក្នុងអត្ថបទនេះ យើងនឹងពន្យល់អ្នកថាតើ ផ្លែឈើ និងបន្លែប្រភេទណា អ្នកគួរតែបន្ថែមទៅក្នុងអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ប្រចាំថ្ងៃ ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង និងស្រ្ដេសខុសពីធម្មតា។
ក្រូចពោធិ៍សាត់៖ ក្រូចពោធិ៍គឺជាផ្លែឈើដ៏វិសេសវិសាល ហើយអ្នកអាចទាញយកប្រយោជន៍ពីផ្លែឈើនេះដំបូងគេនៅពេលព្រឹក។ ក្រូចពោធិ៍សាត់ គឺជាផ្លែឈើមួយប្រភេទ ដែលស្រូបថាមពលជាច្រើនពីពន្លឺព្រះអាទិត្យ ហេតុដូច្នេះវាជារឿងប្រសើរក្នុងការចៀសវាងទទួលទានវានៅពេលថ្ងៃត្រង់ និងពេលល្ងាច ដើម្បីបញ្ចៀសវាកុំឱ្យមានការរំខានដំណេករបស់អ្នក។ យកល្អ គួរទទួលទានពេលពោះទទេ ដោយច្របាច់យកទឹកមកពិសា ឬពិសាសាច់របស់វាឱ្យបានរយៈពេល ១៥នាទីមុនអាហារពេលព្រឹក។ អ្នកអាចបន្ថែមថាមពលដល់រាងកាយរបស់អ្នក ដោយការកាត់ក្រូចពោធិ៍សាត់ជាចំណិត ហើយរោយម្សៅឈើអែម ខ្ញី និងបន្ថែមទឹកឃ្មុំពីលើ។
ចេក៖ ចេកត្រូវបានគេចាត់ទុកតាមលក្ខណៈបច្ចេកទេសថា ជាម្សៅធញ្ញជាតិម៉ត់ស្អិត ដូចដំឡូង ប៉ាស្ដា និងនំបុ័ងដែរ។ ដោយសារមូលហេតុនេះហើយ យើងគួរទទួលទានវានៅពេលព្រឹក និងព្យាយាមលាយវាជាមួយនឹងអាហារដទៃទៀត ជាពិសេសគឺអាហារពេលល្ងាច។ ចេកអាចយកទៅធ្វើជាទឹកក្រឡុកយ៉ាងឆ្ងាញ់ពិសា ដោយក្រឡុកលាយជាមួយនឹងទឹកដោះគោ ទឹកផ្លែឈើ ទឹកបន្លែ និងបន្ថែមរសជាតិផ្អែមដោយម្សៅកូកាវ។
ផ្លែបឺ៖ ទោះជាយ៉ាងណា វាស្ដាប់ទៅគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលថាផ្លែបឺនេះ គឺពិតជាផ្លែឈើមានគុណប្រយោជន៍ច្រើនដល់សុខភាព។ វាមានគុណប្រយោជន៍ប្រសើរសម្រាប់អាហារពេលព្រឹក ពីព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមច្រើន។ វាមានផ្ទុកនូវប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាត ព្រមទាំងអាស៊ីដខ្លាញ់សំខាន់ៗជាច្រើនទៀត ដូច្នេះវាក៏គ្រប់គ្រាន់ ដោយគ្រាន់តែពិសាវាមួយផ្លែជាមួយនឹងអំបិលបន្ដិច ឬទឹកឃ្មុំដើម្បីឱ្យអាហារពេលព្រឹកពោរពេញដោយថាមពល។ អ្នកក៏អាចបន្ថែមសាច់ផ្លែបឺនេះ ទៅក្នុងទឹកក្រឡុក ដើម្បីធ្វើឱ្យទឹកក្រឡុកមានជាតិក្រែមល្អ ឬបន្ថែមវាទៅលើនំបុ័ងចំណិត និងសាំងវិច។
ស្លឹកផ្ទី៖ បន្លែស្លឹកពណ៌បៃតងមានផ្ទុកនូវថាមពលច្រើន ហើយយើងសូមណែនាំអ្នកឱ្យដាក់វាបន្ថែមទៅក្នុងទឹកក្រឡុក និងអាហារសម្រន់។ ត្រួយផ្ទីមានរសជាតិឆ្ងាញ់ ហើយវាធ្វើឱ្យទឹកក្រឡុកប្រែពណ៌ទៅជាបៃតង ដែលមិនធ្វើឱ្យបាត់បង់រសជាតិទឹកក្រឡុក។ ផ្ទុកទៅវិញ វាផ្ដល់ឱ្យយើងនូវវីតាមីន និងសារធាតុរ៉ែ ដែលយើងត្រូវការចាំបាច់សម្រាប់សុខភាពទាំងស្រុង រួមទាំងជាតិកាល់ស្យូម និងម៉ាញ៉េស្យូមផងដែរ៕
ប្រែសម្រួល ៖ ដេវីដ
ប្រភព ៖ steptohealth