CamNews

ភាពយន្ត 

ភាពយន្តខ្មែរល្បីៗ ៨រឿង ផលិតនៅជំនាន់ដើម នឹងត្រូវបាន​ ដាក់បញ្ចាំង នៅរោងភាពយន្តផ្លាទីនៀមក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរ ដ៏ល្បីល្បាញ ចំនួន៨រឿងដែលផលិតចាប់ពី ទសវត្សទី ៦០, ៨០ និង ៩០ នឹងត្រូវបាន រោងភាពយន្ត ផ្លាទីនៀម ចាក់បញ្ចាំង ជាសាធារណៈ ចាប់ពីថ្ងៃទីចន្ទ ទី២១ ដល់ ថ្ងៃទី២៧កក្កដានេះ ខាងមុខ ដើម្បីចូលរួម លើកស្ទួយវិស័យ ភាពយន្តខ្មែរ។

ការប្រកាសប្រព័ត៌មាននេះធ្វើឡើង ក្នុងពិធីសម្ពោធ ទេសកាលភាពយន្តខ្មែរ លើកទី២ កាលពី ល្ងាច ថ្ងៃសុក្រ ទី១៨នៅរោង ភាពយន្ត ផ្លាទីនៀម ផ្សារទំនើបសូរិយា ជាន់ទី៥ ក្រោមការ សហការ ជាមួយ មជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ រដ្ឋមន្រ្តី ក្រសួងព័ត៌មានប្រធាននាយកដ្ឋាន ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ផលិតករ ល្បីៗ និងអ្នកចូលរួមជាច្រើននាក់ទៀត។

ទស្សនិកជន អាចចូលរួមទស្សនា យ៉ាងសប្បាយរីករាយ និងស្វែងយល់ពីស្នាដៃភាពយន្ត ទាំង នេះ មួយនឹងតម្លៃ ត្រឹមតែ ១ដុល្លារ ហើយថវិកា ដែលបានមកពីការលក់សំបុត្រទាំងអស់ នឹង យកទៅ ឧបត្តម្ភដល់កុមារកំព្រា នៃអង្គការយល់ពីកម្ពុជា ដែលជាអង្គការអន្តរជាតិក្រៅ រដ្ឋា ភិបាល និងមិនរកប្រាក់ចំណូល ដែលបានបង្កើតឡើង នៅឆ្នាំ១៩៩៦ដើម្បីជួយសង្រ្គោះស្តារ និងអភិវឌ្ឍន៍កុមារកម្ពុជា។

គួរបញ្ជាក់ថា នេះជាទេសកាលភាពយន្តខ្មែរ លើកទី២ ដែលត្រូវបានបង្កើតឡើង ដោយមាន ការសហការ ឧបត្ថម្ភធំពីក្រុមហ៊ុន smart និង ក្រុមហ៊ុន sabayក៏ដូចជា ធនាគារ Hong Leong Bank ។ ផ្លាទីនៀមជារោងចក្រភាពយន្ត ឌីជីថល 3D លំដាប់ អន្តរជាតិ ដែលមានអេក្រង់ធំ និងច្បាស់ជាងគេ បំពាក់ដោយបច្ចេកវិទ្យា Surround Sound 7.1 ជាពិសេសនោះ កៅអីអង្គុយ ទូលាយ និង ប្រកបដោយ ផាសុកភាព៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star movie khmer movie