សុខភាព ៖ មនុស្សភាគច្រើនមិនសូម្បីតែគិតអំពីសុខភាពភ្នែករបស់ពួកគេ រហូតដល់ពួកគេចាប់ផ្ដើមមានបញ្ហាភ្នែក។ បញ្ហានេះអាចចាប់ផ្ដើមកើតក្នុងទម្រង់នៃភ្នែកស្ងួត ពិបាកក្នុងការសម្លឹង ឈឺក្បាល ឬមានរង្វង់ខ្មៅស្ថិតនៅជុំវិញភ្នែក។ មូលហេតុនៃបញ្ហាភ្នែកទាំងនេះ គឺអាចកើតចេញពីកត្ដាផ្សេងៗជាច្រើន រាប់តាំងពីការឈឺចាប់ដោយខំប្រឹងសំឡឹង ជំងឺលើសឈាម ការចាំងនឹងពន្លឺព្រះអាទិត្យ រហូតដល់ការគេងមិនគ្រប់គ្រាន់។ មិនថាវាកើតឡើងដោយសារមូលហេតុអ្វីនោះទេ វិធីសាស្រ្ដធម្មជាតិមួយចំនួន ឬការផ្លាស់ប្ដូររបៀបរស់នៅក៏អាចរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អស្របតាមអាយុរបស់អ្នកផងដែរ។
វិធីសាមញ្ញដើម្បីរក្សាសុខភាពភ្នែក
- គេងឱ្យបានគ្រប់គ្រាន់ និងសម្រាកភ្នែករបស់អ្នកមួយថ្ងៃៗឱ្យបាន ពីរ ទៅបីនាទីក្នុងមួយដងៗ
- មុនពេលចូលគេង និងភ្ញាក់ពីគេងពេលព្រឹក លាបភ្នែករបស់អ្នកនឹងទឹកក្ដៅឧណ្ហៗឱ្យបាន ១០ដង
- សូមកុំអានសៀវភៅនៅកន្លែងដែលមានពន្លឺភ្លើងតិច ឬអាននៅកន្លែងដែលមានពន្លឺព្រះអាទិត្យខ្លាំងដោយមិនពាក់វ៉ែនតាការពារ។
- នៅពេលភ្នែករបស់អ្នកហត់នឿយ បង្កើនភាពក្លៀវក្លាឡើងវិញដោយលុញដៃរបស់អ្នកទាំងពីរឱ្យក្ដៅ រួចបិទភ្នែកដោយយកដៃក្ដៅឧណ្ហៗនោះមកដាក់ពីលើថ្នមៗឱ្យបានរយៈពេលមួយ ឬពីរនាទី។
- បន្ថែមវីតាមីនទៅក្នុងរបបអាហារ ដោយការពិសាបផ្លែឈើ និងបន្លែដូចជាការ៉ុតជាដើម។
ធ្វើយូហ្គាដើម្បីថែរក្សាភ្នែក និងកម្ចាត់ស្នាមរង្វង់ខ្មៅ
វិធីមួយទៀតដើម្បីកម្ចាត់ភាពហត់នឿយត្រង់ភ្នែក ឬបំបាត់ស្នាមរង្វង់ខ្មៅជុំវិញភ្នែក គឺត្រូវយកដុំសំឡីត្រាំទៅក្នុងទឹកផ្កាកូលាប ហើយលាបទៅលើភ្នែកនៅពេលអ្នកសម្រាកឱ្យបានពីរ ឬបីនាទី។ បន្ទាប់មកសូមសាកល្បងអនុវត្ដលំហាត់ប្រាណតាមបែបយូហ្គាខាងក្រោមនេះ ដើម្បីបង្កើនកម្លាំងសាច់ដុំភ្នែករបស់អ្នកឱ្យកាន់តែប្រសើរ៖
- អង្គុយពែនភ្នែនឱ្យស្រួល និងរក្សាក្បាល ខ្នង និងករបស់អ្នកឱ្យត្រង់ សម្លឹងត្រង់ទៅមុខ និងដកដង្ហើមឱ្យមានចង្វាក់។
- ចាប់ផ្ដើមសម្លឹងទៅមុខក្នុងលក្ខណៈម៉ោង ១២(12 o’ clock position) ឱ្យបានពីរវិនាទី ប្ដូរសម្លឹងមកក្រោមក្នុងលក្ខណៈម៉ោង ៦(6 o’ clock position) បន្ទាប់មកសម្លឹងក្នុងលក្ខណៈម៉ោង៩ និងលក្ខណៈម៉ោង៣ ម្ដងៗឱ្យបាន ២វិនាទី។ សូមបិទភ្នែក និងដកដង្ហើមឱ្យបានវែងៗ និងអនុវត្ដការហាត់ប្រាណ Yoga នេះឱ្យបាន ៥ដង។
វិធីធម្មជាតិដើម្បីថែរក្សា និងព្យាបាលភ្នែក
គំនិតទាំងអស់នេះក៏ជាវិធីសាស្រ្ដដ៏ប្រសើរ ដើម្បីបន្ថយការហត់នឿយភ្នែកផងដែរ៖
- ដាំទឹកដោះគោ(ទឹកដោះគោឆៅ)ឱ្យពុះ ហើយដួសយកពពុះទុកឱ្យត្រជាក់ រួចយកមកលាបឱ្យពេញផ្ទៃមុខមុនពេលគេង។
- លាយម្សៅរមៀតជាមួយនឹងប្រេងធ្មៃបីដំណក់ និងកូរឱ្យក្លាយជាល្បាយខាប់។ លាបល្បាយនេះនៅបរិវេណក្រោមភ្នែកឱ្យបាន ៣០នាទី បន្ទាប់មកលាងជម្រះ ហើយយកម្សៅសណ្ដែកខៀវមកលាបបន្ត។
- បន្ថែមខ្លាញ់ត្រីទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីពង្រឹងសុខភាពភ្នែក។
- សាច់ត្រសក់ដែលកោសរួចអាចយកមកលាយជាមួយទឹកក្រូចឆ្មារ ហើយយកសំឡីមកផ្ដិតដាក់ទៅលើភ្នែកឱ្យបាន ៥ ទៅ ១០នាទីដើម្បីបំបាត់ស្នាមខ្មៅជុំវិញភ្នែក។
ចង់បញ្ចប់សូមជ្រាបថា ឧបករណ៍អេឡិកត្រូនិកទំនើបៗដូចជាម៉ាស៊ីមកុំព្យូទ័រជាដើមនេះអាចបង្កបញ្ហាដល់ភ្នែករបស់អ្នក។ ដូច្នេះត្រូវឱ្យប្រាកដថា អ្នកបានសម្រាកភ្នែកខ្លះៗ នៅពេលប្រើវា ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព៖ tryayurveda