(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសំណូមពរអ្នកដែលអញ្ជើញទៅចូលពិធីសាសនាប្រចាំឆ្នាំ «National Prayer Breakfast» នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ឲ្យរួមគ្នាធ្វើការបួងសួងបែរបន់ដល់តារាភាពយន្តហូលីវូដដ៏ល្បីគឺលោក អាណុល (Arnold Schwarzenegger) ដែលបានជំនួសតំណែងរបស់លោកជាពិធីករនៃកម្មវីធីទូរទស្សន៍ NBC «The Celebrity Apprentice» ពីព្រោះតែប្រជាប្រិយភាពនៃកម្មវិធីនេះមានភាពធ្លាក់ចុះខ្លាំង មិនដូចកាលដែលលោក ត្រាំ នៅជាតារារបស់កម្មវីធីនេះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNN នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នាកិច្ចចាប់ផ្តើមនៃការថ្លែងសុន្ទរកថានៅក្នុងពិធីខាងលើលោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំបានឈរឈ្មោះដើម្បីប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក ខ្ញុំចាំបាច់ត្រូវចាកចេញពីកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពនេះ ហើយពួកគេបានយកតារាភាពយន្តហូលីវូដដ៏ល្បីលោក អាណុល មកជំនួសតំណែងខ្ញុំ ប៉ុន្តែយើងទាំងអស់គ្នាដឹងច្បាស់ហើយថា តើវាបានក្លាយទៅជាយ៉ាងណានោះ គឺថាកម្រិតប្រជាប្រិយភាពបានធ្លាក់ចុះចូលបំពង់លូរតែម្តង... និយាយរួមវាជាមហន្តរាយសុទ្ធសាធ ដូច្នេះបើសិនជាអាច ខ្ញុំគ្រាន់តែមានបំណងចង់ធ្វើការបន់ស្រន់សម្រាប់លោក អាណុល ចំពោះកម្រិតប្រជាប្រិយភាពទាំងនោះ»។
ការអធិប្បាយនេះប្រហែលជាត្រូវបានធ្វើឡើងក្នុងគោលបំណងជារឿងកំប្លែងមួយតែប៉ុណ្ណោះ ប៉ុន្តែលោក អាណុល បានឆ្លើយតបទៅវិញភ្លាមៗតាមរយៈគណនីបណ្តាញសង្គម Twitter ដោយហៅលោកប្រធានាធិបតីអាមេរិកផ្ទាល់ចំៗថា «អេ! ដូណាល់... ខ្ញុំមានគំនិតល្អមួយគឺថាហេតុអ្វីក៏យើងមិនផ្លាស់ប្តូរការងារគ្នាវិញទៅ? ដោយអ្នកមកកាន់ការនៅផ្នែកកម្មវិធីទូរទស្សន៍ ព្រោះថាអ្នកមានជំនាញខ្លាំងណាស់ខាងរឿងការទាក់ទាញកម្រិតប្រជាប្រិយភាព ចំណែកខ្ញុំ... ខ្ញុំទៅបំពេញការងាររបស់អ្នកវិញ ដើម្បីអាចធ្វើឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់គ្នាអាចសម្រាន្តលង់លក់បានដោយស្ងប់សុខជាសាថ្មីម្តងទៀត»។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានចាកចេញពីកម្មវិធី «The Celebrity Apprentice» កាលពីឆ្នាំ២០១៥ នៅពេលដែលលោកងាកមកធ្វើការឃោសនារកសំឡេងឆ្នោត ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី