(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លឹប Geylang International របស់ម្ចាស់ផ្ទះសិង្ហបុរីនាល្ងាចថ្ងៃទី២៩ ខែកញ្ញានេះ ដែលជួបលើកចុងក្រោយក្នុងបេសកកម្មបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃ នៅលើទឹកដីសិង្ហបុរី ហើយត្រូវវិលត្រឡប់មកស្រុកកំណើវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ឆាំង ពិសិដ្ឋ អ្នកកាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ក្លឹប Geylang International គឺមានចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលសិង្ហបុរី ឆ្នាំ២០១៦។ ប៉ុន្ដែមុនជួបក្រុមនេះ ជម្រើសជាតិកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ២ក្រុមមកហើយ រួមមានយកឈ្នះក្រុមជើងឯកលីគកំពូលសិង្ហបុរី Albirex Niigata ២-១ និងបន្ដយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ១-០ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ។
អ្នកចាត់ក្រុមដដែលបន្ដថា នេះគឺជាការប្រកួតដើម្បីពង្រឹងសមត្ថភាពដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលហ្វឹកហាត់នៅក្រៅប្រទេសលើកនេះ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខ ដោយត្រូវប្រជែងកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។
ទន្ទឹមជាមួយការប្រកួតពានផ្លូវការនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នៅមានប្រកួតមិត្តភាពអន្ដរជាតិធំៗ ២ប្រកួតទៀត រួមមានជួបប្រកួតមិត្តភាពជើងទី២ ជាមួយក្រុមភ្ញៀវហុងកុង នៅថ្ងៃទី០៦ ខែតុលា ខណៈជើងទី១ កម្ពុជា ចាញ់ម្ចាស់ផ្ទះហុងកុង ៤-២។ រីឯមួយប្រកួតទៀត ត្រូវជួបក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ ដោយការប្រកួតធ្វើឡើងទៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង