ភ្នំពេញ៖ តារាចម្រៀងល្បីកំពូល ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ នៅពេលថ្មីៗនេះ បានចូលរួម សហការជាមួយ សាកលវិទ្យាល័យភ្នំពេញ អាមេរិកាំង( AUPP) រៀបចំការប្រគំតន្ត្រី អបអរសាទរ សិស្សប្រឡង ជាប់ បាក់ឌុបឆ្នាំនេះ ហើយក្នុងកម្មវិធីនេះ សាកលវិទ្យាល័យក៏មាន ការចាប់រង្វាន់ ផ្តល់អាហារូបករណ៍ ដល់សិស្សទាំង នោះផងដែរ ។
បើតាម Account Facebook របស់លោក ពុយ គា បានបង្ហោះឲ្យដឹងថា «តារាល្បី ព្រាប សុវត្ថិ បានសំរេចចិត្តបោះ មួយជំហានទៀត ទៅលើវិស័យអប់រំនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្ត ដល់ប្អូនៗដែលខិតខំរៀនសូត្រ និងជាពិសេស សំរាប់អ្នក ដែលទើបប្រឡងជាប់បាក់ឌុប ដោយរួមដៃគ្នាជាមួយសាកលវិទ្យាល័យល្បី នៅកម្ពុជា ។
ក្នុងកម្មវិធីអបអរសាទរ ដល់សិស្សប្រឡងជាប់បាក់ឌុប ទាំងអស់ នៅឆ្នាំ២០១៥នេះ តារាចម្រៀងរូបនេះបានស្ម័គ្រចិត្ត ចូលរួមកម្មវិធី អបអរសាទរ សម្តែង Concert និងមានការចាប់ឆ្នោតផ្តល់រង្វាន់ ដល់សិស្សដែលបានចូលរួម ថែមទៀត ផង »។
ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ មន្ត្រីបម្រើការងារម្នាក់ នៅសាកលវិទ្យាល័យ AUPP បានប្រាប់ឲ្យដឹងថា វេលាម៉ោង ៣និង៣០ នាទី នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ខាងមុខនេះ ខាងសាកលវិទ្យាល័យ បានរៀបចំ ដោយសហការរួមចំណែក ជាមួយតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ កម្មវិធីនេះ ជាផ្នែកមួយនៃការ លើកទឹកចិត្ត ដល់សិស្សដែលរៀនពូកែ និងពូកែរៀនឲ្យ បន្តខិតខំរៀនតទៅទៀត ដើម្បីផ្តល់អនាគតល្អដល់ពួកគាត់ ។
មន្រ្តីដដែល បានប្រាប់ឲ្យដឹងទៀតថា «នៅក្នុងនោះសិស្ស និទេ្ទស A ដល់ E ទាំងអស់ អាចចូលរួមចាប់ឆ្នោតផ្សង សំណាងបាន ដោយយើងមានការផ្តល់រង្វាន់ ជាអាហារូបករណ៍ រៀននៅសាកលវិទ្យាល័យ ចន្លោះពី១ឆមាសដល់ ៤ឆ្នាំចំនួន៨សន្លឹក ដល់សិស្សទាំងអស់ ដែលបានប្រឡងជាប់បាក់ឌុប នៅឆ្នាំនេះ ។ អ្វីដែលសំខាន់បើប្អូនៗ ដែលជា សិស្សជាប់បាក់ឌុប បានដឹងហើយ អាចទាក់ទងមកខាងសាលាជាមុន ដើម្បីខាងសាលារៀប ចំកំណត់ចំនួន អ្នកចូល រួមដើម្បីមានភាពងាយស្រួល»។
សម្រាប់សិស្ស ដែលមានជាប់និទ្ទេស A ដល់ E ទាំងអស់អាចទាក់ទង សាកសួរព័ត៌មានបន្ថែម បានតាមប្រព័ន្ធ ទូរស័ព្ទ ០២៣ ៩៩០ ០២៣, ០១២ ៨៩៨ ១២៤, ០៧៨ ៦២៨ ៤៤១ ដែលកម្មវិធីនេះ រៀបចំនៅ សាកលវិទ្យាល័យ AUPP ផ្ទាល់តែម្តង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល