CamNews

ព័ត៌មានអន្តរជាតិ 

ពួក ISIS បាញ់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ អាហ្វហ្គានីស្ថាន ៣៦នាក់ ជាការ​​សង​សឹក​នឹង​ការ​វាយ​ប្រហារ

(កាប៊ុល)៖ មន្ត្រីរដ្ឋបាលថ្នាក់ខេត្ត របស់អាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនស៊ីវិល យ៉ាងហោចណាស់ចំនួន ៣៦នាក់ ត្រូវបានបាញ់សម្លាប់ ដោយពួកក្រុមសកម្មប្រយុទ្ធ​នៅក្នុងខេត្ត Ghor ភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

លោក Mohammad Nasir Khazah អភិបាលខេត្ត Ghor បានថ្លែងថា «ជនរងគ្រោះទាំង៣៦នាក់ ត្រូវបានចាប់ជំរិត ដោយពួកសកម្មប្រយុទ្ធ បន្ទាប់ពីកងកម្លាំងសន្តិសុខ នៃប្រទេសអាហ្វហ្គានីស្ថានរួមដៃគ្នា ជាមួយអ្នកតស៊ូប្រយុទ្ធដទៃទៀត នៅក្នុងតំបន់ បានវាយរុញច្រានពួកសកម្មជន ដែលបានបើកការវាយលុក មកលើជាយក្រុង Firoz Koah ហើយការប៉ះទង្គិចគ្នានេះ បានបន្សល់ទុកពួកសកម្មប្រយុទ្ធមួយចំនួនតូច ស្លាប់និងរបួស ប៉ុន្តែអ្នកដែលនៅរស់ចង់សងសឹក ការបរាជ័យរបស់ពួកគេ ដោយបានបាញ់សម្លាប់​ចំណាប់ខ្មាំង ដែលជាជនស៊ីវិលចោល ទាំងអស់»។

ជាមួយគ្នានេះដែរ មកទល់រសៀលថ្ងៃពុធនេះ ពុំទាន់មានក្រុមណាមួយ បានចេញមុខអះអាងថា នៅពីក្រោយការបាញ់សម្លាប់​នេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរនៅក្នុ​ង​ក្រុង Firoz Koah បានចោទពួកក្រុមសកម្មប្រយុទ្ធ រដ្ឋអ៉ីស្លាម ISIS ថា ជាអ្នកធ្វើរឿងដ៏ឃោឃៅនេះ។ គួរបញ្ជាក់ដែរថា គិតត្រឹម០៩ខែ ដំបូងនៃឆ្នាំ២០១៦នេះ ប្រជាជនស៊ីវិលច្រើន​ជាង២,៥៦០នាក់ ត្រូវបានសម្លាប់ និង៥,៨៣០នាក់បានទទួលរងបួស ដោយសារតែជម្លោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: international news ISIS