CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យទៀតមួយហើយ គឺការផលិតបានជើងទម្របាញ់គ្រាប់រ៉ុក្កែតថ្មី សម្រាប់បំពាក់ផ្កាយ

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិមកូរ៉េខាងជើង KCNA បានរាយការណ៍​នៅថ្ងៃអង្គារនេះថា របបដឹកនំាទីក្រុងព្យុងយ៉ាង បានសាកល្បងប្រកបដោយ​ជោគជ័យ នូវម៉ូទ័រនៃជើងទម្របាញ់​គ្រាប់រ៉ុក្កែតថ្មី មួយដែលមានសមត្ថភាព នំាយកផ្កាយរណអង្កេតផែនដី ទៅក្នុងលំហអាកាស។ នេះបើតាមការដកស្រង់ របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។


ថ្លែងក្នុងឱកាសចូលរួម ដោយផ្ទាល់នៅឯមជ្ឈមណ្ឌល​ទីអវកាស Sohae មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា «ការអភិវឌ្ឍ និង​ការប្រើប្រាស់​ទីអវកាស គឺជានយោបាយដ៏សំខាន់មួយ សម្រាប់បក្សរបស់យើង និងប្រទេសជាតិ ហើយត្រូវបន្តកិច្ចខិតខំប្រឹងប្រែង​នេះតទៀត ដើម្បីអភិវឌ្ឍ ផ្កាយរណប និង​ការសាងសង់ ព្រមទំាងបាញ់សាកល្បង ផ្កាយរណបជាច្រើនផ្សេងទៀត ដោយផ្អែកលើ បច្ចេកវិទ្យារបស់យើងផ្ទាល់ សំដៅប្រែក្លាយកូរ៉េខាងជើង ឲ្យទៅជាប្រទេសដែលមាន ផ្កាយរណបអង្កេត​ផែនដី នៅពេលអនាគត»។


គួរបញ្ជាក់ថា ការសាកល្បងជើងទម្របាញ់​គ្រាប់រ៉ុក្កែតថ្មីនេះ អាចជាគោលដៅ​របស់កូរ៉េខាងជើង ក្នុងការកែលម្អរបច្ចេកវិទ្យា ទាក់ទិននឹងជើងទម្របាញ់គ្រាប់រ៉ុក្កែត រយៈចំងាយឆ្ងាយ ដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានសាកល្បងម្តងដែរ​កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។ មួយវិញទៀត វាក៏ជាសញ្ញានៃការ សង្ស័យដែរថា កូរ៉េខាងជើង ទំនងជានឹងធ្វើការបាញ់​សាកល្បង គ្រាប់មីស៊ីល​រយៈចម្ងាយឆ្ងាយ នៅក្នុងឱកាស នៃការប្រារព្ធទិវាខួបគណបក្សពលករ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១០ ខែតុលា៕



ប្រភព ៖ យ៊ុនហាប់/ប៊ីប៊ីស៊ី


Tags: north korea south korea missile satellite