CamNews

តារា 

ឆៃ លីដាឡែន នឹងបញ្ចប់ ភាពក្រមុំ នៅថ្ងៃទី២៣ មករា នេះ

ភ្នំពេញ៖ បន្ទាប់ពីភ្ជាប់ចំណងស្នេហា ដ៏ផ្អែមល្ហែម អស់រយៈពេល ជាងមួយឆ្នាំ នៅពេលនេះ តារាចម្រៀងបែបសិចស៊ី កញ្ញា ឆៃ លីដាឡែន បានសម្រេចចិត្ត ចូលក្នុងនឹមអាពាហ៍ពិពាហ៍ ដឹកដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេល ជាផ្លូវការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។

ផ្ទុយពីការអះអាងរបស់នាង កន្លងមក ដែលតែងនិយាយថា គម្រោងរៀបមង្គលការ នៅមិនទាន់ច្បាស់នៅឡើយ ស្រាប់តែនៅពេលនេះ តារាចម្រៀង សំនៀងស្រួយ កញ្ញា ឆៃ លីដាឡែន កំពុងតែរវល់រត់ខ្វែងដៃខ្វែងជើង ចែកសំបុត្រអាពាហ៍ពិពាហ៍ ដល់មិត្តអ្នកសិល្បៈ និងញាតិជិតឆ្ងាយ ដើម្បីចូលរួមឲ្យអបអរសាទរ ក្នុងពិធីដ៏មានអត្ថន័យក្នុងជីវិតរបស់នាង នៅពេលនេះ។

ផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ កញ្ញា ឆៃ លីដាឡែន បាននិយាយប្រាប់ថា "ចាស់…បង! ជាការពិត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ ខ្ញុំនឹងត្រូវរៀប ការជាមួយគូស្នេហ៍ ខ្ញុំហើយ..! ។ ខ្ញុំមិនលាក់ទេ ចំពោះមង្គលការខ្ញុំ ហើយខ្ញុំនឹងត្រៀមហៅ ភ្ញៀវចូលរួមប្រមាណជាង៥០ តុ ដោយរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងនោះក៏មានអ្នកសិល្បៈបានចូលរួមច្រើន ព្រោះខ្ញុំហៅស្ទើរតែទាំងអស់ហ្នឹង..!"។

តារាចម្រៀង ឆៃ លីដាឡែន បានបញ្ជាក់បន្ថែមថា អនាគតស្វាមីរបស់នាង គឺជាអ្នកសិល្បៈដូចគ្នា មានវ័យទើបតែ ២៦ ឆ្នាំ ពោលគឺមាន អាយុប្អូននាង។ អ្នកទាំងពីរក៏ បានស្គាល់គ្នាយូរណាស់មកហើយ ទម្រាំនឹងសម្រេចឈានដល់ ដំណាក់កាល នៃការរៀបចំពិធី អាពាហ៍ពិពាហ៍ ជាមួយគ្នា។ ទន្ទឹមនឹងគ្នានេះ បើទោះបីជានាងមានស្វាមី ហើយក៏ពិតមែន តែអាជីពសិល្ប គឺនៅតែបន្តដដែល ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន ដោយពុំមានគម្រោងណាមួយ នឹងលាឈប់នោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh