CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតី ធ្លាក់ពីតំណែង លោកស្រី Park ត្រូវចាប់ឃាត់ខ្លួនហើយ ប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួន​ហើយនៅថ្ងៃសុក្រនេះពាក់ព័ន្ធសំណុំរឿងពុករលួយនយោបាយជាមួយលោកស្រី ឆយ ស៊ូនស៊ីល ដែលធ្វើឱ្យលោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ​កាលពីថ្ងៃទី១០ ខែមីនា បើទោះជាលោកស្រីធ្លាប់បានបដិសេធការចោទប្រកាន់នានាជាច្រើនដងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។​



តុលាការនៃទីក្រុងសេអ៊ូល ​បានសម្រេចចេញដីកាឃាត់ខ្លួន​លោកស្រី ផាក ក្រោមបទប្រកាន់ថា​ មានជាប់ពាក់ព័ន្ធ​នឹង អំពើពុករលួយ ការរំលោភអំណាច និងការធ្វើឱ្យ លេចធ្លាយឯកសារ​រដ្ឋាភិបាល​​ព្រមទំាងរួម​គំនិត​​ជាមួយមិត្តភក្តិ​ឈ្មោះ ឆយ ស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗ​នៅកូរ៉េខាងត្បូងបង់ប្រាក់ជាង ៧០លានដុល្លារ​អាមេរិក ក្រោមរូបភាពជា​អំណោយ​ឱ្យទៅមូលនិធិ​គ្រប់គ្រង​ដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។  

ជាងនេះទៅទៀត​តាមរយៈការសម្រេច​ចិត្តនេះ លោកស្រី​អតីតប្រធានាធិបតីរូបនេះត្រូវបានគេបញ្ជូន​ទីកាន់មន្ទីរឃុំឃាំង​ក្នុងទីក្រុង​សេអ៊ូល បន្ទាប់ពី​ចំណាយពេល​អស់ជាង ៩ម៉ោងកាលពីថ្ងៃព្រហស្បតិ៍​ក្នុងសវនាការ​របស់លោកស្រី ហើយដីកាឃាត់ខ្លួន​បណ្ដោះអាសន្ន​នេះមានសុពល​ភាព ២០​ថ្ងៃ​គិតចាប់តំាងពី​ថ្ងៃប្រកាស រីឯក្រុមរដ្ឋអាជ្ញា​គួរតែអាចនឹង​ធ្វើការចោទប្រកាន់​ជាផ្លូវការឱ្យបានមុនការចាប់ ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី១៧ ខែមេសា​ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៩ ខែឧសភា ខាងមុខ។



គួរបញ្ជាក់ថា​តាមរយៈការចាប់ខ្លួននេះ លោកស្រី ផាក គឺនហេ បានក្លាយជាប្រធានាធិបតី​កូរ៉េខាងត្បូង ទី០៣ បន្ទាប់ពីលោក Roh Tae-woo និងលោក Chun Doo-hwan ដែលត្រូវបានតុលាការឃាត់ខ្លួន​ក្នុងសំណុំរឿង​បទឧក្រិដ្ឋ ដែលអាច​នឹងប្រឈមមុខជាប់ពន្ធនាគារ​យ៉ាងតិច ១០ឆ្នាំ ឬច្រើនជាងនេះ បើសិនតុលាការ​រកឃើញថា លោកស្រីបានប្រព្រឹត្ត​កំហុសដូចការចោទ​ប្រកាន់​មែននោះ៕

- តុលាការ ចេញសេចក្តីសម្រេច ចាប់ឃាត់ខ្លួន អតីតប្រធានាធិបតី ធ្លាក់ចេញពីតំណែង ក្រោយរងព្យុះភ្លៀងរឿងអាស្រូវ



ប្រភព ៖ Yonhap/BBC


Tags: South korea Samsung Scandal